បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតទ្បើង រវាងម៉ូតូ និងម៉ូតូអូសរទេះដឹកអុស ត្រង់ចំណុចក្រុមទី០៤ ភូមិពេជ្រចង្វា ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង លើផ្លូវកៅស៊ូតភ្ជាប់ពីផ្លូវជាតិលេខ៥៧ ទិសដៅស្របគ្នាពីកើតមកលិច បណ្តាលឲ្យមនុស្សម្នាក់ស្លាប់នៅកន្លែងកើតហេតុ ។
លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៨និង៤០នាទី បង្កឡើងដោយម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ បាត់ដំបង 1S-3068 បើកបរពីកើតមកលិចអ្នកបើកបរឈ្មោះ ឈឹម សាវុធ ភេទប្រុស អាយុ ៥២ឆ្នាំ ស្នាក់នៅភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង (ស្លាប់នៅកន្លែងកើតហេតុ) និងអ្នករួមដំណើរ ឈ្មោះ ចុង បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិបាដាកត្បូង ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង (គ្មានរបួស) ។
ក្រោយកើតហេតុ ភាគីខាងម៉ូតូសណ្តោងរទេះបានស្រាយ រទេះដឹកអុសទុកចោលនៅកន្លែងកើតហេតុហើយបើកម៉ូតូរត់គេចខ្លួនបាត់ ។
តាមការពិនិត្យកន្លែងកើតហេតុ សមត្ថកិច្ចជំនាញបានបញ្ជាក់អោយដឹងថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីម៉ូតូបើកក្នុងល្បឿនលឿន លុះពេលមកដល់កន្លែងកើតហេតុបានបុករទេះដឹកអុសពីក្រោយពេញទំហឹងតែម្តង ។
ករណីនេះ កម្លាំងជំនាញនគរបាលស្រុកបានវាស់វែង និងដកហូតមធ្យោបាយបង្កទាំង០២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ដើម្បីរង់ចាំចំណាត់ការតាមផ្លូវច្បាប់ ៕

មតិយោបល់