ព័ត៌មានជាតិ

ឃាត់ជនសង្ស័យប្រុសស្រីចំនួន៦នាក់ ពីបទចោរកម្ម

ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី និងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ចុះឃាត់ខ្លួនជនសង្ស័យប្រុសស្រីជាបន្តបន្ទាប់បានចំនួន៦នាក់ ដោយជាប់ពាក់ព័ន្ធករណីផ្សំគំនិតអំពើលួច និងទទួលផលចោរកម្មព្រមទាំងដកហូតបានម៉ូតូចំនួន៦គ្រឿង ស្លាកលេខម៉ូតូចំនួន៥ និងសម្ភារៈល្មើសមួយចំនួន។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក នៅចំណុចផ្ទះជួលក្រុម១ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌបានមានប្រសាសថា ដោយមានបទបញ្ជាពីលោកអគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលពីលោក កុល ប៊ុន ព្រះរាជអាជ្ញរងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឲ្យចុះសហការ និងបង្ក្រាបក្នុងមូលដ្ឋានទើបបញ្ជាមកលោកវរៈសេនីយ៍ត្រី គួក សុខហួរ អធិការរងផ្នែកព្រហ្មទណ្ឌដឹកនាំកម្លាំងដោយសហការជាមួយកម្លាំងតាមបណ្តាប៉ុស្តិ៍ក្នុងមូលដ្ឋានចុះមកបង្ក្រាប និងឃាត់ខ្លួនបានក្រុមខាងលើនេះតែម្តង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើទី១. ឈ្មោះ ថុង ប្រុស អាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួល ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទី២. ឈ្មោះ នី ស្រីម៉ាច ភេទស្រី អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ជាប្រពន្ធជនសង្ស័យទី១ ទី៣. ឈ្មោះ អី ពៅ ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរនៅផ្ទះ ត្រូវជាម្តាយក្មេកជនសង្ស័យទី១ ទី៤. ឈ្មោះ វ៉ាន់ អឿន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរនៅផ្ទះ ទី៥. ឈ្មោះ នៅ ច្រឹក ភេទស្រី អាយុ៤៨ឆ្នាំ និងទី៦. ឈ្មោះ អម សាមើ ភេទស្រី អាយុ២៨ឆ្នាំ។ ទាំងបីនាក់ជាប្តីប្រពន្ធនិងកូន ហើយបច្ចុប្បន្នជួលបន្ទប់ជាប់ៗគ្នានៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ(ជនសង្ស័យទាំង៦នាក់ជាឳពុកម្តាយ កូននិងបងប្អូនគ្នា)។

សមត្ថកិច្ចបន្តថា កាលពីយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ នៅផ្ទះលេខ១៩៤ ផ្លូវ២០០២ ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានជនសង្ស័យមួយក្រុមបានធ្វើសកម្មភាពកាត់សោផ្ទះជួលលួចយកម៉ូតូអស់ចំនួន៥គ្រឿងដោយក្នុងនោះមានម៉ូតូឌ្រឹមសង់ចំនួន២គ្រឿង ម៉ូតូវ៉េវពណ៌ខ្មៅចំនួន២គ្រឿង និងម៉ូតូគុបជ្រុងសេ៥០មួយគ្រឿង រហូតដល់ព្រឹកឡើងទើបម្ចាស់ផ្ទះភ្ញាក់ផ្អើល និងដាក់ពាក្យបណ្តឹងមកកម្លាំងសមត្ថកិច្ច។ ក្រោយពីទទួលពាក្យបណ្តឹងភ្លាម ទើបសមត្ថកិច្ចចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាបានភ្លាមៗផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា រហូតដល់ម៉ោងខាងលើកម្លាំងសមត្ថកិច្ចដែលដឹកនាំដោយលោកវរៈសេនីយ៍ត្រី គួក សុខហួរ បានសហការនឹងកម្លាំងប៉ុស្តិ៍ ចុះធ្វើរដ្ឋបាលនៅចំណុចខាងលើ ក៏ប្រទេះឃើញម៉ូតូចំនួន៣គ្រឿងដែលក្រុមជនល្មើសបានដោះខោអាវចេញ ទី១. ម៉ាកឌ្រឹមសង់សេ១២៥ ពណ៌ខ្មៅ ទី២. ម៉ូតូវ៉េវពណ៌ខ្មៅ និងទី៣. ម៉ូតូកុបជ្រុងសេ៥០ ពណ៌ខៀវមួយគ្រឿង ចាក់សោរទុកក្នុងបន្ទប់ជួលដោយសង្ស័យ ក៏ឲ្យចាក់សោមើល ក៏ត្រូវចំម៉ូតូដែលក្រុមចោរបានគាស់ផ្ទះលួចនៅក្នុងសង្កាត់ទឹកថ្លា កាលពីយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦មែន។ ក្រោយពីឃើញដូននេះក៍ឃាត់ខ្លួនអ្នកពាក់ព័ន្ធខាងលើយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង។

គួររំឭកថា ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងខាងលើនេះ សមត្ថកិច្ចធ្វើការដកហូតទាំងម៉ូតូជនសង្ស័យ និងម៉ូតូរបស់ជនរងគ្រោះមានចំនួន៦គ្រឿង ស្លាកលេខម៉ូតូចំនួន៥បន្ទះ កាំបន្ទះ១ឈុត និងសម្ភារៈពាក់ព័ន្ធបទល្មើសខាងលើមួយចំនួនធំ។

បច្ចុប្បន្ន ក្រុមសង្ស័យខាងលើត្រូវសមត្ថកិច្ចនាំមកសាកសួរនៅអធិការដ្ឋានគរបាលខណ្ឌសែនសុខ៕

មតិយោបល់