កំពង់ស្ពឺៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៤និង៣០នាទី លើផ្លូវល្បឿនលឿន ត្រង់ចំណុចភូមិបាញ់កង្កែប ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត រួចជ្រុលទៅបុកមនុស្ស ០២នាក់ទៀត បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាលចំនួន ៣នាក់ ។
នគរបាលចរចរណ៍បានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ត១គ្រឿងម៉ាកលីប្រូ ពណ៌ស ពាក់ស្លាកលេខ ត្បូងឃ្មុំ 2A-9627 អ្នកបើកបរឈ្មោះ បូ ចាន់រស្មី ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិធំណាង ឃុំមុងរាវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានអ្នករួមដំណើរ ២នាក់ ឈ្មោះ GONG QIAN YIN ភេទប្រុស អាយុ ៤១ឆ្នាំ ស្នាក់នៅភូមិទួលព្រិច ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងកើតទៅទិសខាងលិច ។
ប្រភពបន្តថា ពេលមកដល់ចំណុចខាងលើ បានប៉ះទង្គិចជាមួយរថយន្ត១គ្រឿង ម៉ាក SOWAR ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-8227 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ (រត់គេចក្រោយពេលកើតហេតុ) កំពុងចតលើផ្លូវ រួចរថយន្តម៉ាកលីប្រូ បានជ្រុលទៅបុកមនុស្ស២នាក់ ទី១ - ឈ្មោះ មុត វ៉ែន ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិត្រពាំងជ្រៃ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប (ស្លាប់នៅកន្លែងកើតហេតុ) និងទី២-ឈ្មោះ តែម ថេត ភេទប្រុស អាយុ ១៦ឆ្នាំ រស់នៅភូមិស្វាយពក ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលកំពុងអង្គុយលើផ្លូវ (រងរបួសធ្ងន់) ។ ចំណែកឈ្មោះ បូ ចាន់រស្មី ឈ្មោះ GONG QIAN YIN រងរបួសស្រាល ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង និងប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តទាំង ២គ្រឿង យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងគង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
មតិយោបល់