ព័ត៌មានជាតិ

ហាងបញ្ចាំយីហោ ហ៊ី ទូច ទទួលផលចោរកម្ម

ភ្នំពេញ: ទីតាំងកន្លែងបញ្ចាំជាច្រើន សប្បាយបើកទទួល២៤ម៉ោងលើ២៤ម៉ោង ដោយទទួលរបស់ទាំងទ្រព្យស្របច្បាប់ និងខុសច្បាប់ ក្នុងតម្លៃ៤០ភាគរយ នៃថ្លៃដើម ព្រមទាំងការប្រាក់៧ទៅ២០ភាគរយ តាមលក្ខណ: និងស្ថានភាពអ្នកមកដល់ជាក់ស្តែង។ ដូចករណីចោរលួចម៉ូតូបានហើយ ត្រូវបានកម្លាំងនរគបាលធ្វើការបង្រ្កាបឃាត់ខ្លួនជនសង្ស័យជាចោរលួចម៉ូតូនៅស្រុកស្អាង និងនាំមកចង្អុលបង្ហាញទីតាំងហាងបញ្ចាំយីហោ ហ៊ី ទូច ដែលទទួលបញ្ចាំ ទាំងគ្មានឯកសារអ្វីសោះឡើយ។

កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តកណ្តាល ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចម្រើន ស្នងការនគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សម្របសម្រួលដោយលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បាននាំខ្លួនជនសង្ស័យខាងលើនេះ ទៅចង្អុលបង្ហាញទីតាំងទទួលផលចោរកម្មជាហាងបញ្ចាំយីហោ ហ៊ី ទូច ដែលមានទីតាំងផ្ទះលេខ២A ផ្លូវលេខ២៤៧ សង្កាត់ទឹកល្អក់៣ ខណ្្ឌទួលគោក រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ។

លោកវរសេនីយ៍ទោ សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការខាងលើនេះ នគរបាលបានធ្វើការដកហូតម៉ូតូចំនួន១គ្រឿង ពីទីតាំងទទួលបញ្ចាំខាងលើនេះ ម៉ូតូដែលដកហូតនោះ ម៉ាកហុងដា MSX ផលិតនៅប្រទេសចិន ពណ៌ក្រហម គ្មានស្លាកលេខ។

ដោយឡែក ម្ចាស់ទីតាំងនគរបាលខេត្តកណ្តាល បានប្រគល់ជូននគរបាលរាជធានីភ្នំពេញ និងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ជាអ្នកចាត់ការតាមនីតិវិធី។ លោកអធិការបានបន្តថា ម៉ូតូ MSX ខាងលើនេះ ត្រូវបាននគរបាលប្រគល់ជូនម្ចាស់ឈ្មោះ កោ ចិន្តា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

លោកវរសេនីយ៍ទោ សេង សុជាតិ បានបញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីនគរបាលស្រុកស្អាង ចាប់បានចោរលួចម៉ូតូម្នាក់ កាលពីវេលាម៉ោង៥៖៣០នាទី នៅត្រង់ចំណុចស្ពានកំពង់ស្វាយ ស្ថិតក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

ជនសង្ស័យជាចោរលួចម៉ូតូឈ្មោះ អន អូន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទៀន-ធូប នៅមុខវាំង ស្នាក់នៅម្តុំស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន ស្ថិតក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជាលទ្ធផលសមត្ថកិច្ចបានដកហូតម៉ូតូហុងដា MSX ដូចដែលមាននៅក្នុងកិច្ចសន្យាបញ្ចាំពីឈ្មោះ ចាន់ សម្បត្តិ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ដែលត្រូវជាម្ចាស់ហាងបញ្ចាំយីហោ ហ៊ី ទូច ដែលបានទទួលផលចោរកម្ម៕

photo_2016-08-20_19-22-35

photo_2016-08-20_19-22-39

photo_2016-08-20_19-22-42

photo_2016-08-20_19-22-47

photo_2016-08-20_19-22-50

photo_2016-08-20_19-22-54

មតិយោបល់