ព័ត៌មានជាតិ

រថយន្តកាម៉ារីឆ្លាមមួយគ្រឿងបើកបុកម៉ូតូ បណ្តាលឲ្យប្តីប្រពន្ធពីរនាក់ស្លាប់បាត់បង់ជីវិត

ពោធិ៍សាត់: យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនរងគ្រោះពីរនាក់ ប្តីប្រពន្ធ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តនិងម៉ូតូបើកបរច្រាសទិសគ្នា ករណីនេះកើតឡើង នៅចំណុចម្តុំខាងលិចស្ពានអន្លង់គុយ ចម្ងាយប្រហែល ១០០ម៉ែត្រ ស្ថិតនៅក្នុងភូមិប្រហាល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១១និង៤៧នាទី ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២២ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្ត មួយគ្រឿង ម៉ាកតូយូតាកាម៉ារីឆ្លាម ពណ៌ស្ករ ស៊េរីឆ្នាំ១៩៩៩ ពាក់ស្លាកលេខ ភ្នំពេញ 2Q-4152 បើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកនឹងម៉ូតូ មួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ពោធិ៍សាត់ 1F-0445 បើកបរក្នុងទិសដៅច្រាសគ្នាពីកើតទៅលិច ជិះគ្នាពីរនាក់ បណ្តាលឲ្យអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។

ក្រោយឃើញហេតុការណ៍ដូចនេះ អ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។

លោកវរសេនីយ៍ទោ អ៊ុល ហៃ អធិការនៃអធិការដ្ឋាននគរបាល ស្រុកតាលោសែនជ័យ បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះទាំងពីរត្រូវបានសមត្ថកិច្ចនគរបាលស្គាល់អត្តសញ្ញាណ ទី១-ឈ្មោះ ម៉ាន ឡាន់ ភេទប្រុស អាយុ ៦០ឆ្នាំ មុខរបរកសិករ ជាអ្នកបើកបរ ស្លាប់ទី២-ឈ្មោះ វក រី ភេទស្រី អាយុ ៥២ឆ្នាំ មុខរបរកសិករ ជាអ្នករួមដំណើរត្រូវជាប្រពន្ធ ស្លាប់ អ្នកទាំងពីរ មានទីលំនៅក្នុងភូមិស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។

ចំណែកឯអ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ លោកអធិការ បានបន្តថាមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះឡើង គឺមកពីកត្តាអ្នកបើកបររថយន្តមិនប្រកាន់ស្តាំ ប្រើប្រាស់ល្បឿនចំពោះសាកសពប្តីប្រពន្ធទាំងពីរនាក់ខាងលើ សម្ថកិច្ចបានធ្វើកំណត់ហេតុ នឹងបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងរថយន្តនឹងម៉ូតូ សមត្ថកិច្ចនគរបាលបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ៕

មតិយោបល់