ព័ត៌មានជាតិ

WHO៖ មិនទាន់មានភស្តុតាងបញ្ជាក់ថាកុមារ និងក្មេងជំទង់មានសុខភាពល្អ ចាំបាច់ត្រូវទទួលការចាក់វ៉ាក់សាំងដូសជំរុញ នោះទេ

(ហ្សឺណែវ)៖ មន្ត្រីជាន់ខ្ពស់ម្នាក់របស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយថាបច្ចុប្បន្ននៅមិនទាន់មានភស្ដុតាងណាមួយ ដែលបង្ហាញថាកុមារ និងក្មេងជំទង់ដែលមានសុខភាពល្អស្រាប់ទៅហើយនោះ ចាំបាច់ត្រូវទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 «ដូសជំរុញ» នោះទេ។

ប្រធានក្រុមអ្នកវិទ្យាសាស្ត្រ WHO លោកស្រី Soumya Swaminathan ក៏បានសង្កត់ធ្ងន់ដែរថាប្រព័ន្ធភាពសុំាបង្កើតឡើងដោយវ៉ាក់សាំង បានថយចុះប្រសិទ្ធភាពខ្លះ ក្នុងការប្រឆាំងជាមួយមេរោគបំប្លែងថ្មី អូមីក្រុង។ ប៉ុន្តែការសិក្សាស្រាវជា្រវ បន្ថែមត្រូវតែធ្វើឡើង ដើម្បីកំណត់ឱ្យច្បាស់ថា តើនរណាខ្លះដែលចាំបាច់ ត្រូវទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសជំរុញ»។ លោកស្រីលើកឡើងបែបនេះ ក្នុងសន្និសីទសារព័ត៌មានខ្លីមួយ នៅថ្ងៃអង្គារសប្ដាហ៍នេះ។

បណ្ដាប្រទេសជាច្រើន ក្នុងនោះមានដូចជា អ៉ីស្រាអែលជាដើម បានចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការ COVID-19 «ដូសជំរុញ» ដល់កុមារមានអាយុ ១២ឆ្នាំ រីឯសហរដ្ឋអាមេរិកកាលពីដើមខែមករានេះ ក៏បានអនុញ្ញាតលើ ការចាក់វ៉ាក់សាំងបង្ការ «ដូសជំរុញ» សម្រាប់កុមារមានអាយុពី ១២ ដល់១៥ឆ្នាំផងដែរ៕

ប្រភព៖​​​​​​ AFP

មតិយោបល់