ព័ត៌មានជាតិ

Update៖ កូនប្រុសម្នាក់ជិះម៉ូតូចេញពីផ្ទះទៅដឹកឪពុក ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ពាក់កណ្តាលផ្លូវ

កណ្ដាល: នៅវេលាម៉ោង០៩និង២០នាទីព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង កូនប្រុសម្នាក់ជាសិស្សសាលា បានជិះម៉ូតូមួយគ្រឿងចេញពីផ្ទះ ធ្វើដំណើរទៅដឹកឪពុករបស់ខ្លួន ទៅមិនទាន់ដល់ផង ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តបុកម៉ូតូបណ្តាលឲ្យស្លាប់ពាក់កណ្តាលផ្លូវ ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវលេខ១១០ ក្នុងភូមិឫស្សីជ្រោយ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុជនរងគ្រោះ បានចេញពីផ្ទះដោយជិះម៉ូតូមួយគ្រឿង ធ្វើដំណើរ តាមដងផ្លូវលេខ១១០ ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ មានរថយន្ត មួយគ្រឿង បើកបរវ៉ាជែង រថយន្តដូចគ្នាបុក ម៉ូតូពេញទំហឹងបណ្តាលឲ្យក្មេងប្រុសសិស្សសាលាម្នាក់ ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ យោងតាមការធ្វើបទសម្ភាសន៍ របស់ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំបានចុះទៅយកព័ត៌មានផ្ទាល់ដល់ផ្ទះជនរងគ្រោះ ។ ម្តាយក្មេងប្រុសរងគ្រោះបាននិយាយប្រាប់ឲ្យដឹងដូច្នេះថា ជនរង គ្រោះបានជិះម៉ូតូធ្វើដំណើរពេញពីផ្ទះក្នុងគោលបំណង ជិះទៅដឹកយកឪពុក ពេលនោះទៅមិនទាន់ដល់ផង បានពាក់កណ្តាលផ្លូវ ក៏ជួបគ្រោះអកុសល ត្រូវរថយន្តបុកម៉ូតូបណ្តាលឲ្យស្លាប់តែម្តង ធ្វើឲ្យឪពុកម្តាយសោកស្តាយយ៉ាងខ្លាំង ដោយបានបាត់បង់កូនប្រុស ជាទីស្រឡាញ់ ។

ជនរងគ្រោះមានឈ្មោះ សេង ម៉េងហុង ភេទប្រុស អាយុ១៣ ឆ្នាំ មុខរបរជាសិស្សសាលាថ្នាក់ទី៧ នៅសាលាឫស្សីជ្រោយ ស្រុកស្អាង ខេត្តកណ្តាល ។ ឪពុកមានមុខរបរជាកម្មករសំណង់ ។ ក្រុមគ្រួសារក្មេងរងគ្រោះមានជីវ:ភាពខ្វះខាត បើបងប្អូនចង់ចូលរួមជាថវិកា បន្តិចបន្តួចតាមកម្លាំងសទ្ធាជ្រះថ្លា ដើម្បីធ្វើពិធីបុណ្យសពជនរងគ្រោះ ទាក់ទងមកលេខទូរស័ព្ទ៖ ០៨១ ៦៦ ៨៣ ៧២ ។

នៅក្រោយពេលកើតហេតុ តៃកុងបើកបរថយន្តបង្កហេតុខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលនៅក្នុងមូលដ្ឋានបានចុះទៅឃាត់ ខ្លួនបាន នាំយកទៅកាន់ប៉ុស្តិ៍ដើម្បីសាកសួរ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់