ព័ត៌មានជាតិ

ឆក់បានសម្រេចទាំងព្រឹកទៀតហើយ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ ស្រ្តីម្នាក់ខណៈដែលកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែត្រូវជនសង្ស័យធ្វើសកម្មភាពឆក់កាបូបបានសម្រេច ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង៤០នាទីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ អួង ស្រីពៅ អាយុ ៥៤ឆ្នាំ មានទីលំនៅ ភូមិទន្លេនាម ឃុំសំឡាញ ស្រុកអង្គជ័យ ខេត្តកំពត។

តាមប្រភពព័ត៌មានពីស្ត្រីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានធ្វើដំណើរមកពីស្រុកកំណើតដោយម៉ូតូ zoomer មួយគ្រឿង ពាក់ស្លាកលេខ កំពត 1R-3127 ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីត្បូងទៅជើង ដើម្បីទៅផ្ទះកូនរបស់គាត់នៅម្តុំផ្សារឌុយមិច សង្កាត់មនោរម្យ ខណ្ឌ៧មករា លុះមកដល់ចំណុចកើតហេតុក៏លេចមុខជនសង្ស័យ មកធ្វើសកម្មភាពឆក់កាបូបខោអាវរបស់គាត់ ក្នុងនោះមានលុយចំនួន ៥០ម៉ឺនរៀល ក្រវិល១គូ និងឯកសារពាក់ព័ន្ធផ្សេងៗទៀតយកទៅបាត់ស្រមោលតែម្ដង បន្ទាប់ពីធ្វើសកម្មភាពភ្លាមៗ ស្រ្តីរងគ្រោះដួលអូសជាច្រើនម៉ែត្រសំណាងល្អគ្រាន់តែរងរបួសស្រាល។

ប្រភពពីប្រជាពលរដ្ឋដែលនៅក្បែរទីតាំងកន្លែងកើតហេតុបានឲ្យដឹងដែថា នៅតាមបណ្តោយខាងលើម្តុំមុខប្រលានយន្តយន្តហោះខាងគឺ តែងតែមានក្រុមជនសង្ស័យធ្វើសកម្មភាពឆក់សម្ភារៈរបស់ប្រជាពលរដ្ឋបានសម្រេចជាញឹកញាប់ តែចំពោះការបង្រ្កាបវិញប្រៀបដូចជាគ្មានសោះ ដូចនេះជាហេតុធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ព្រោះតែភាពអសន្តិសុខ បង្រ្កាបគ្មានបាន។

ក្រោយពេលកើតហេតុស្រ្តីរងគ្រោះ បានធ្វើដំណើរទៅមុខបន្ត ដើម្បីព្យាបាលរបួសសិន ចាំទៅដាក់ពាក្យបណ្តឹងតាមក្រោយ៕

មតិយោបល់