ព័ត៌មានជាតិ

បុរសម្នាក់មានអាការមិនស្រួលខ្លួន បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅលើម៉ូតូកង់បី

ភ្នំពេញ: នៅវេលាម៉ោង០៩និង៥០នាទីយប់ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២២ ករណីបុរសម្នាក់មានអាការមិនស្រួលខ្លួន បណ្តាលឲ្យស្លាប់បាត់បង់ជីវិត នៅលើម៉ូតូកង់បី បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់ប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ច ស្ថិតតាមបណ្តោយផ្លូវលេខ១០៧ (នៅផ្លូវសុកហុក) ក្នុងសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ហេតុការណ៍ករណីខាងលើនេះ យោងតាមប្រភពព័ត៌មានក្រុមភ្នាក់ងារ នៃអង្គភាពសារព័ត៌មានPost News យើងខ្ញុំដែលបានចុះទៅ ដល់ទីតាំងកន្លែងកើតហេតុ បានធ្វើសេចក្តីរាយការណ៍ឲ្យដឹងដូច្នេះថា នៅមុនពេលកើតហេតុ ជនរងគ្រោះជាអ្នករត់ម៉ូតូកង់បី ។ ខណ: ពេលនោះមាននារីក្មេងៗពីរបីនាក់ បានពឹងគាត់ឲ្យទិញគ្រឿងម្ជូរ ។ លុះពេលបាត់គាត់យូរពេក នារីទាំងនោះបានតេទូរស័ព្ទទៅជនរង គ្រោះ ស្រាប់តែប៉ូលិសជាអ្នកលើកទូរស័ព្ទនិយាយប្រាប់ដំណឹងដ៏រន្ធត់មួយនេះ ក៏បង្កការភ្ញាក់ផ្អើលកើតឡើងតែម្តង ។

យោងតាមប្រភពព័ត៌មានមួយទៀតបានបញ្ជាក់ប្រាប់ឲ្យដឹងថា ជនរងគ្រោះជាអ្នករត់ម៉ូតូកង់ជាប្រចាំនៅទីកន្លែងកើតហេតុនេះ ហើយ នៅមុនពេលកើតហេតុ ជនរងគ្រោះបានតេទូរស័ព្ទទៅប្រាប់ប្រពន្ធថា គាត់មិនសូវស្រួលខ្លួននោះទេ ហើយប្រពន្ធបានឆ្លើយតបមកវិញ ថាពេលរួចការងារគាត់នឹងមកកោសខ្យល់ឲ្យ ។ មួយសន្ទុះក្រោយមក ស្រាប់តែប្រពន្ធបានទទួលដំណឹងដ៏សោកសៅនេះ ថាប្តីរបស់ គាត់បានដេកស្លាប់នៅលើកង់បីបាត់ទៅហើយ ។

ប្រភពដដែលបានបញ្ជាក់ថា ជនរងគ្រោះមានជំងឺបេះដូងតាំងពីក្មេងមកម៉្លេះ ។ ដោយសារជីវភាព ជនរងគ្រោះប្រឹងប្រែងទាំងខ្លួនមាន ជំងឺប្រចាំកាយ ។ នេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ។

ជនរងគ្រោះឈ្មោះ លត់ សុភា អាយុ៤៤ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូកង់បី មានស្រុកកំណើតនៅភូមិភ្នំស្រូវ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ ជនរងគ្រោះមានប្រពន្ធនិងកូនប្រុសស្រីចំនួន០៤នាក់ នៅក្នុងបន្ទុក ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋានបានចុះទៅធ្វើកោសល្យវិច្ច័យសាកសពជនរងគ្រោះ ។ បន្ទាប់ពីធ្វើកោសល្យវិច្ច័យរួច បានប្រគល់សាកសពជនរងគ្រោះ ជូនទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់