បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទី លើផ្លូវជាតិវាងក្រុងបាត់ដំបង (ហាយវេ) ត្រង់ចំណុចក្រុមទី១៣ ស្ថិតក្នុងភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តដឹកគ្រឿងចក្រធុនធ្ងន់ ០១គ្រឿង ម៉ាកអ៊ីស៊ូស៊ុយ (ISUZU) ពណ៌ស គ្មានស្លាកលេខ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ និងរថយន្តធុនតូច ០១គ្រឿង ម៉ាកកាមរី CAMRY (ឆ្លាម) ពណ៍ទឹកប្រាក់ ស៊េរីឆ្នាំ១៩៩៧ ពាក់ផ្លាកលេខ ភ្នំពេញ 2F-9866 បើកបរដោយជនមិនស្គាល់ឈ្មោះ រួមដំណើរមានគ្នាចំនួន ០៤នាក់ ប្រុស២នាក់ មិនស្គាល់ឈ្មោះនិងទីលំនៅ។
លោកវរសេនីយ៍ទោ សេង លុច ជាអធិការ បានរាយការណ៍អោយដឹងថា ហេតុការណ៍ខាងលើនេះ បណ្តាលឱ្យភាគីអ្នកបើកបររថយន្តធុនតូច និងអ្នករួមដំណើរជាមួយរងរបួសធ្ងន់ចំនួន០៥នាក់ ស្រី០២នាក់។ ដោយឆ្លងតាមការពិនិត្យកន្លែងកើតហេតុ នគរបាលជំនាញអាចបញ្ជាក់បានថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្តាលមកពីរថយន្តធុនធ្ងន់ ធ្វើដំណើរពីទិសខាងលិចទៅកើតក្នុងល្បឿនលឿន តាមបណ្តោយផ្លូវលំ លុះពេលមកដល់កន្លែងកើតហេតុ ផ្លូវប្រសព្វបានបុករថយន្តធុនតូច ដែលធ្វើដំណើរពីទិសខាងជើងទៅត្បូង តាមបណ្តោយផ្លូវជាតិ ចំផ្នែកខាងស្តាំពេញទំហឹង បណ្តាលឱ្យរថយន្តធុនតូចធ្លាក់ប្រឡាយទឹកចិញ្ចើមផ្លូវខាងកើត ហើយរថយន្តធុនធ្ងន់ចតនៅកន្លែងកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់។
ករណីនេះ កម្លាំងនគរបាលស្រុកបានចុះធ្វើការត្រួតពិនិត្យ និងវាស់វែងកន្លែងកើតហេតុ រួចចាត់បញ្ជូនជនរងគ្រោះ តាមរថយន្តនគរបាលទៅមណ្ឌលសុខភាព ដើម្បីសម្រាកព្យាបាល និងរង់ចាំចំណាត់ការដោះស្រាយតាមផ្លូវច្បាប់ ៕
មតិយោបល់