ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់ខណៈកំពុងជិះម៉ូតូទៅធ្វើការសុខៗ ស្រាប់តែដួលបោកក្បាលស្លាប់ទាំងព្រឹក

ភ្នំពេញ: បុរសម្នាក់ខណ:កំពុងជិះម៉ូតូសុខៗ ស្រាប់តែដួលបោកក្បាលទៅលើថ្នល់ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗ កាលពីវេលាម៉ោង០៦និង៣០នាទីព្រឹកថ្ងៃ២១ ខែមករា ឆ្នាំ២០២២ នៅតាមមហាវិថីសហព័ន្ធរុស្ស៊ី ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាធានីភ្នំពេញ ។

បុរសរងគ្រោះឈ្មោះ យ៉ុន សំណាង អាយុ៣៦ឆ្នាំ មានទីលំនៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះបានជិះម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ធ្វើដំណើរចេញពីផ្ទះ ទៅធ្វើការនៅក្រសួងការងារ ។ ដោយជិះតាមមហាវិថីសហព័ន្ធរុស្ស៊ីតែម្នាក់ឯង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ពុំដឹងថាគាត់ត្រូវខ្យល់គឬក៏ងងឹតមុខបែបណាទេ ស្រាប់តែដួលម៉ូតូបោកក្បាលផ្ទប់ថ្នល់រងរបួសធ្ងន់ ។

ប្រភពដដែលបានបន្តទៀតថា ខណ:នោះមានរថយន្តសង្រ្គោះ ទៅដល់លើកដាក់រថយន្ត ដើម្បីនាំទៅសង្រ្គោះ ប៉ុន្តែគ្រាន់តែលើកដាក់ដល់លើរថយន្តភ្លាម ក៏ស្លាប់តែម្ដង ។ បន្ទាប់មកទើបផ្ដល់ដំណឹងដល់សមត្ថកិច្ច ឲ្យចុះទៅពិនិត្យកោសល្យវិច័យ និងឲ្យក្រុមគ្រួសារនាំយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់