កំពង់ស្ពឺៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០៩និង១០នាទីព្រឹក នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៨២–៨៣ ត្រង់ចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្តាលអោយបុរសមា្នក់ស្លាប់និងនារីម្នាក់រងរបួស ។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ មានរថយន្ត ០១គ្រឿង ម៉ាកនីសាន់ ពណ៌សពាក់ស្លាកលេខចង្កូតស្តាំ BB-0324 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ចុះរត់គេច)ដែលបើកបរពីទិសខាងលិច ទៅទិសខាងទិសកើតដល់ចំណុចខាងលើ បានបុកម៉ូតូ ១គ្រឿង ម៉ាកហុងដាC125 បើកបរដោយឈ្មោះ រឿន សារ៉ាន់ ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិក្រាំងច្រេស ឃុំគីរីវ័ន្ត និងអ្នករួមដំណើរឈ្មោះ ឡាង សីលា ភេទស្រី អាយុ ១៨ឆ្នាំ នៅភូមិអូរកូនត្រុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួចដែលកំពុងធ្វើដំណើរ ស្របទិសគ្នា បណ្តាលឲ្យឈ្មោះ រឿន សារ៉ាន់ ស្លាប់នៅនិងកន្លែងកើតហេតុដោយសពបានប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី និងឈ្មោះ ឡាង សីលា រងរបួស ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ចំពោះវត្ថុតាងរថយន្ត និងម៉ូតូយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែងត្រយឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕
មតិយោបល់