ព័ត៌មានជាតិ

ជិះម៉ូតូរវល់តែនិយាយទូរស័ព្ទ ជ្រុលទៅបុកគូទរថយន្ត lexus RX300 ចតនៅមុខផ្ទះបណ្តាលឲ្យដួលរងរបួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង១០និង ២០ នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បុរសម្នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿង រវល់តែនិយាយទូរស័ព្ទ មិនប្រយ័ត្ន រេចង្កូតជ្រុលទៅបុករថយន្ត lexusRX 300 ចតនៅមុខផ្ទះ បណ្ដាលឲ្យរងការខូចខាតធ្ងន់ធ្ងរ ចំណែកឯបុរសជាម្ចាស់ម៉ូតូ បានរងរបួសធ្ងន់ ត្រូវបានដឹកទៅសង្រ្គោះ ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GE-6731 ជិះតាមបណ្ដោយផ្លូវបេតុង ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿន ដោយដៃម្ខាងកាន់និយាយទូរស័ព្ទ មិនប្រយ័ត្ន បានរេចង្កូតទៅខាងស្តាំដៃ ជ្រុលទៅបុកពីក្រោយរថយន្ត lexus RX300 ពណ៌ស បានដោះស្លាកលេខចេញ ចតនៅខាងមុខផ្ទះពេញទំហឹង បណ្តាលឲ្យរងការខូចខាត ផ្នែកកាងនិងកញ្ចក់ខាងក្រោយ យ៉ាងដំណំ ចំណែកឯបុរសជិះម៉ូតូបង្ក បានដួលបោកនៅនឹងថ្នល់រងរបួសធ្ងន់ ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏វាស់វែងយករថយន្ត និងម៉ូតូបង្កទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់