បន្ទាយមានជ័យៈយោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ផ្ទះ២ខ្នងត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុង ហេតុការណ៍នេះបានកើតឡើងនៅភូមិឈូក សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីម៉ោង៤ល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ។ ក្នុងហេតុការណ៍នេះគេសង្កេតឃើញមានវត្តមានឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ទទួលផែនការងារ គ្រប់គ្រងអាវុធជាតិផ្ទុះ ជាតិពុល និងអគ្គីភ័យ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុង សិរីសោភ័ណ មន្ត្រីអាជ្ញាធរ កងកម្លាំង និងអ្នកភូមិជួយអន្តរាគមន៍ពន្លត់ជាមួយនឹងរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងស្រុកស្វាយចេក បានចុះជួយអន្តរាគមន៍ពន្លត់ហើយគ្រប់គ្រង់ស្ថានការណ៍បាននៅម៉ោងជិត៥ល្ងាចដដែល ហើយមិនបង្កឲ្យរាលឆេះទៅផ្ទះជិតខាងគ្នានោះបន្តទៀត ។
លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង បានបញ្ជាក់ថា ៖ ផ្ទះត្រូវភ្លើងឆាបឆេះ ១/- ឈ្មោះ មិច ប៉ា ភេទប្រុស អាយុ៥២ឆ្នាំ ជាងមាស ផ្ទះទំហំ៧ម គុណ៨ម ធ្វើអំពីឈើលើថ្មក្រោម ទាំងស្រុង ខូចខាតសម្ភារៈទ្រព្យសម្បតិ្ត មានមាស ១០តម្លឹង,ប្រាក់ថៃ៧០ម៉ឺនបាត,ប្រាក់អាមេរិក៧ម៉ឺន៨ពាន់ ដុល្លា,ប្រាក់ខ្មែរ២០លានរៀល។២/-ផ្ទះរបស់ឈ្មោះ វុន អួន ភេទប្រុស អាយុ៧៤ឆ្នាំ ទំហំ៧ម គុណ៨ម ធ្វើអំពីឈើលើថ្មក្រោម ទាំងស្រុង ខូចខាតសម្ភារៈទ្រព្យសម្បតិ្ត មានមាស៩ជី,ប្លាទីន៥ជី,ប្រាក់ខ្មែរ៨០ម៉ឺនរៀល,ប្រាក់ថៃ២,៥០០បាត។ ទី៣ផ្ទះរបស់ឈ្មោះ ឃ្លឿម ទូច ភេទស្រី អាយុ៥២ឆ្នាំ ទំហំ៧ម គុណ៦ម ធ្វើអំពីឈើលើថ្មក្រោម ខូចខាតជញ្ជាំង១ចំហៀង ។
លោកស្នងការរង បានបញ្ជាក់បន្ថែមទៀតថា ៖តាមការបំភ្លឺពីប្រជាពលរដ្ឋនៅទីនោះ ដំបូងភ្លើងបានឆាបឆេះចេញពីផ្ទះរបស់ឈ្មោះ មិច ប៉ា នៅជាន់លើ ដោយសារទុស្សេខ្សែភ្លើងដាច់ធ្លាក់ចំពូក ដោយម្ចាស់នៅក្រោមផ្ទះកំពុងធ្វើត្រីប្រុក មិនបានដឹង ទាល់តែភ្លើងឆាបឆេះសន្ធោសន្ធៅ ទើបមានការភ្ញាក់ផ្អើល បន្ទាប់មកបានរាលដាលទៅផ្ទះទី២ឈ្មោះ វុន អួន ទាំង២ផ្ទះនេះឆេះទាំងស្រុង និងទី៣ឈ្មោះ ឃ្លឿម ទូច ឆេះអស់ជញ្ជាំង១ចំហៀង។ ក្នុងករណីអគ្គីភ័យនេះ យើងបានប្រើប្រាស់រថយន្តចំនួន០៥គ្រឿង ក្នុងនោះបាញ់ទឹកអស់ចំនួន៤គ្រឿង ដោយគ្រប់គ្រង់ស្ថានការណ៍បានទាំងស្រុងនៅម៉ោងជិត៥ល្ងាចដដែល ហើយមិនបង្កឲ្យរាលឆេះទៅផ្ទះជិតខាងគ្នានោះបន្តទៀតនោះទេ ៕
មតិយោបល់