ព័ត៌មានជាតិ

Update៖ ចូលរួមរំលែកទុកផង! ករណីអគ្គិភ័យឆាបឆេះផ្ទះ ២ល្វែង បណ្ដាលឲ្យអាជីវកផ្សារអូរឡាំពិចម្នាក់ស្លាប់ និងរងរបួស ៣នាក់

ភ្នំពេញៈ ផ្ទះ២ល្វែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ទាំងយប់បណ្តាលឲ្យអាជីវកផ្សារអូឡាំពិចម្នាក់ បានស្លាប់នៅពេលបញ្ជូន ទៅកាន់មន្ទីរពេទ្យ និង ៣នាក់បានរងរបួស។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៣រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ខែមករា ឆ្នាំ២០២២ នៅចំណុចបុរីសម្បតិ្តមាស ផ្ទះលេខ១សេ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ភុក ប៉ានពេជ្រវលក្ខណ៍ ហៅម៉ី ភេទស្រី អាយុ ២៥ឆ្នាំ ជាអាជីវក លក់ខោអាវ នៅផ្សារអូរឡាំពិច មានលំនៅ ផ្ទះលេខ ១C។
ចំណែកជនរងគ្រោះទី១ឈ្មោះ ប៉េង សូនី ត្រូវជាម្តាយ ជនរងគ្រោះដែលបានស្លាប់នោះ។
ទី២ឈ្មោះ ស្រី វី ភេទស្រី ជាអ្នកបម្រើ និងទី៣ឈ្មោះ ពេជ្រ វណ្ណា ភេទស្រី អាយុ ៣៧ឆ្នាំ មានលំនៅផ្ទះលេខ ៣C ផ្ទះជាប់គ្នា ។

ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈពេលដែលម្ចាស់ផ្ទះកំពុងតែដេកលង់លក់ ស្រាប់តែមានភ្លើងបានឆេះយ៉ាងសន្ធោសន្ធៅ ហើយភ្លើង បានឆេះរាល់ទៅផ្ទះលេខ ៣C ដែលស្ថិតនៅជាប់គ្នា ។

បើតាមនគរបាលការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅក្នុងហេតុការណ៍ រថយន្តពន្លត់អគ្គិភ័យចំនួន ៣១គ្រឿង បានទៅអន្តរាគមន៍បាញ់ពន្លត់ ហើយភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង ៥និង៣០នាទី ថ្ងៃខែឆ្នាំដដែល។
នៅក្នុងគ្រោះអគ្គិភ័យនោះ បណ្តាលឲ្យផ្ទះ ២ល្វែង រងការខូចខាត ក្នុងនោះ មានផ្ទះលេខ១C ដែលមានម្ចាស់ ឈ្មោះ ភុក ប៉ាវ ភេទប្រុស អាយុ ៦៣ឆ្នាំ មុខរបរមន្ត្រីនៅក្រសួងអប់រំ ដែលមានមនុស្ស ស្នាក់នៅចំនួន ៣នាក់ ស្លាប់ម្នាក់និង រងរបួស២នាក់ និងផ្ទះលេខ៣C មានអ្នកស្នាក់នៅចំនួន ២នាក់ បានរងរបួសម្នាក់ព្រមទាំងបណ្តាលឲ្យរថយន្តមួយគ្រឿងម៉ាក Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BG-2501 បានរងការខូចខាត។

សមត្ថកិច្ចឲ្យដឹងទៀតថា អគ្គិភ័យនេះ ពុំទាន់ដឹងពីមូលហេតុនៅឡើយទេ រង់ចាំការស្រាវជ្រាវសិន។

សពត្រូវបានយកទៅតម្កល់ទុកនៅវត្តភ្នៀតសិម្ពិលី ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់