ព័ត៌មានជាតិ

ម៉ូតូគេវ៉ាជែងប៉ះដៃចង្កូតជនរងគ្រោះ ជ្រុលទៅបុករថយន្តចតចោល រងរបួស ៤នាក់

ភ្នំពេញ: យុវជនម្នាក់ជិះម៉ូតូឌុបម្តាយ និងប្អូនប្រុសៗ ២នាក់ទៀត ទាក់ដៃចង្កូតទៅបុករថយន្តគេចតចោល បណ្តាលឲ្យរងរបួសទាំង ៤នាក់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ក្បែរសណ្ឋាគារវ៉ាស៊ីនតោនតាមបណ្តោយផ្លូវជាតិលេខ៦អា ក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1II-7990 ក្នុងនោះកូនប្រុសវ័យជំទង់ជាអ្នកឌុប ដែលមានម្តាយ និងកូនប្រុសៗ ៣នាក់ទៀត។
រថយន្តចតចោលលើចិញ្ចើមផ្លូវម៉ាក ប្រាដូ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-5088។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តខាងលើ បានចតចោលលើចិញ្ចើមផ្លូវចំណុចមុខផ្ទះលក់ទំនិញ ក្នុងភូមិសង្កាត់ខាងលើ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក វ៉េវ ជិះឌុបគ្នាចំនួន ៤នាក់ ដោយកូនប្រុសច្បងជាអ្នកឌុបម្តាយ និងប្អូនប្រុសៗ ២នាក់ទៀត ជិះពីត្បូងទៅជើងតាមបណ្តោយផ្លូវជាតិលេខ៦អា លុះមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូមួយគ្រឿងទៀត មិនចាំម៉ាកបើកស្របគ្នាបានវ៉ាជែងប៉ះដៃចង្កូតខាងឆ្វេង បណ្តាលឲ្យម៉ូតូជនរងគ្រោះជ្រុលទៅបុកគូថរថយន្តខូចខាតផ្នែងខាងក្រោយ ឯមនុស្សទាំងបួននាក់រងរបួស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន មើលការខុសត្រូវរថយន្ត និងម៉ូតូ បណ្តោះអាសន្ន រង់ចាំឲ្យភាគីទាំងសងខាងចរចាគ្នានៅពេលក្រោយ៕

មតិយោបល់