ព្រៃវែងៈ នៅវេលាម៉ោង១៥និង ៥០នាទីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នៅចំណុចភូមិពោធិ៍ជ្រៃ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លើផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រលេខ ៨៤-៨៥ (មុខឡឥដ្ឋ) មានករណីគ្រោះថ្នាក់ចរាចរណ៍១លើក រវាងរថយន្ត និងរថយន្ត ច្រាស់ទិសដៅគ្នា បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តមួយគ្រឿងម៉ាកហុងដាពណ៌ខៀវ ស្លាកលេខ ភ្នំពេញ 2N.5034 បើកបរដោយឈ្មោះ ចេង ជីវី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិស្នួល ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង មានអ្នករួមដំណើរជាមួយចំនួន០២នាក់៖ ១-ឈ្មោះ វី ភេទស្រី (ស្លាប់នៅនឹងកន្លែងកើតហេតុ ។ ២-ឈ្មោះ ទួន ពៅ ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា រងរបួស (ធ្ងន់) បើកបរពីលិចទៅកើត ។ លុះពេលបើកបរមកដល់ចំណុចខាងលើ បានរេចង្កូតទៅខាងឆ្វេងដៃ ចូលគន្លងរថយន្តមួយគ្រឿងទៀតម៉ាកសាំយ៉ុង ពណ៌ខៀវ ពាក់ស្លាកលេខ កណ្តាល 2A.5262 អ្នកបើកបរ (គេចខ្លួនពីកន្លែងកើតហេតុ) បើកពីកើតទៅលិច រថយន្តសាំយ៉ុង បុករថយន្តកាម៉ារីចំពីចំហៀងខាងស្តាំ ។
មូលហេតុ៖ រថយន្តកាម៉ារី បើកបរខ្វះការប្រុងប្រយ័ត្ន រេចង្កូតបំពានគន្លងចូលរថយន្តសាំយ៉ុង ។ អ្នករងរបួសត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយអន្ទរ រីឯសាកសពជនរងគ្រោះ បានប្រគល់ជូនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្តទាំងពីរគ្រឿងយករក្សាទុកនៅប៉ុស្តិ៍ស្វាយអន្ទរ ៕
មតិយោបល់