ព័ត៌មានជាតិ

ខំស្កាត់ពីនាយមករកការងារធ្វើមិនទាន់បានផង ត្រូវសមត្ថកិច្ចនគរបាលស្រុកកំរៀងឃាត់ខ្លួន

បាត់ដំបងៈ នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ អនុវត្តតាម យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានដឹកនាំកម្លាំង ផ្នែកជំនាញឃាត់ខ្លួនជនសង្ស័យឈ្មោះ ឆុំ សុថាត់ ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិគិនបន្ទាយ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅចំណុចភូមិសំរោង ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរស្រាវជ្រាវ ។

សូមជម្រាបជូនថាមូលហេតុ ដែលឈានដល់ការឃាត់ខ្លួននេះ គឺកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២៣និង០០នាទី នៅក្នុងក្រុមទី០៤ ភូមិសំរោង ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់0ដំបង ជនសង័្សយខាងលើបានប្រើប្រាស់កាំបិតកាប់ ទៅលើជនរងគ្រោះចំនួន០២នាក់ គឺឈ្មោះ ថា ហួ ភេទប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រងរបួសធ្ងន់និងឈ្មោះ រិន វីរៈ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិគិនបន្ទាយ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ រងរបួសស្រាល ក្នុងពេលដែលមានទំនាស់ពាក្យសំដី ជាមួយគ្នាក្នុងកន្លែងផឹកស៊ី ។

នៅពេលកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ រីឯជនសង័្សយបានគេចខ្លួនពីកន្លែង កើតហេតុ ហើយពីពេលនោះមក ត្រូវបានសមត្ថកិច្ចនគរបាលចាត់វិធានការស្រាវជ្រាវ រហូតដល់ថ្ងៃឃាត់ខ្លួជនសង័្សយបាន។

លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានបញ្ជាក់ថា យុវជនទាំង០៣នាក់ នេះមានទីលំនៅអចិន្រ្តៃយ៍ រស់នៅឯខេត្តបន្ទាយមានជ័យ ហើយពួកគេចូលមកមូលដ្ឋានស្រុកកំរៀង ក្នុងបំណងមករកការងារជាកម្មករដកដំឡូង តែ រកមិនទាន់បានការងារធ្វើផង ពួកគេជួបជុំគ្នាផឹកស៊ី និងឈានទៅបង្កជាទំនាស់ពាក្យសំដី រួចឈានទៅធ្វើសកម្មភាព បែបនេះតែម្តង ។

នៅពេលនេះនគរបាលស្រុកកំរៀង កសាងសំណុំរឿងបញ្ជូនជនដៃដល់ មកកាន់ការិយាល័យជំនាញអនុវត្តតាមច្បាប់ ៕

មតិយោបល់