ព័ត៌មានជាតិ

គួរឲ្យសូរណាស់! កុមារីម្នាក់ងូតទឹកលេងក្នុងធុងជ័រតែម្នាក់ឯង បណ្តាលឲ្យដាំក្បាលចូលឈ្លក់ទឹកស្លាប់

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ​រន្ធត់ណាស់នេះក៏បណ្តាលមពីកត្តាធ្វើប្រហែសរបស់ឪពុកម្តាយ ខ្វះការប្រុងប្រយ័ត្នចំពោះកូននៅតូច បណ្តែតបណ្តោយឲ្យងូតទឹកលេងម្នាក់ឯង ។​ ជាក់ស្តែងក្មេងស្រីម្នាក់អាយុទើប០៣ឆ្នាំ បានច្រឡោតក្បាលចូលក្នុងធុងជ័រ សម្រាប់ដាក់ទឹកដែលមានកម្ពស់ប្រហែល៦តឹក បណ្តាលឲ្យស្លាប់បង្កការភ្ញាក់ផ្អើល ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៤និង៥០នាទីល្ងាច ថ្ងៃសុក្រ ១៣ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅភូមិតាឡំចុង ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា៖ ក្មេងស្រីរងគ្រោះឈ្មោះ លួម លីហ្សា អាយុ០៣ឆ្នាំ នៅភូមិតាឡំចុង ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានឪពុកឈ្មោះ ពាញ ហួត អាយុ៤៤ឆ្នាំ និងម្តាយឈ្មោះ ឆាយ យឿង អាយុ៤៣ឆ្នាំ ។

នគរបាលបានបញ្ជាក់ថា៖ តាមការបំភ្លឺរបស់ឪពុកម្តាយក្មេងស្រីរងគ្រោះ នៅមុនពេលកើតហេតុ កូនគាត់បានទៅងូតទឹកក្នុងធុងជ័រនៅខាងក្រៅផ្ទះម្នាក់ឯង ហើយពួកគាត់រវល់នៅក្នុងផ្ទះ ដោយមិនឮមាត់កូនលេងនិងឮចាក់ទឹកនោះ ក៏ចេញមកមើលស្រាប់តែឃើញកូនគាត់ ដាំក្បាលចូលក្នុងធុងទឹកស្លាប់តាំងពីពេលណានោះទេ ។

នគរបាលបានឲ្យដឹងទៀតថា៖ បន្ទាប់ពីទទួលបានព័ត៌មាន ក៏បានបង្កើតគណៈកម្មការត្រួតពិនិត្យ និងស្រាវជ្រាវជុំវិញកន្លែងកើតហេតុនិងសព ដែលមានសមាសភាព ក្រុមប្រឹក្សាឃុំ,នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ ,ប្រធានមណ្ឌលសុខភាពឃុំ, លោកមេភូមិនិងក្រុមគ្រួសារសព ។

បើឆ្លងតាមការត្រួតពិនិត្យឃើញថា ក្មេងស្រីរងងគ្រោះពិតជាស្លាប់ដោយសារលង់ទឹក មិនពាក់ព័ន្ធករណីមនុស្សឃាតនោះឡើយ ។ សពត្រូវបានប្រគល់ជូនឪពុកម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណី ទាំងក្តីអាឡោះអាល័យជាពន់ពេក ៕

មតិយោបល់