ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធបង្កអំពើហិង្សាលើអ្នកដទៃនៅក្រុងពោធិ៍សាត់

ពោធិ៍សាត់ៈ​យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង៥និង២៥នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុងបានទទួលព័ត៌មានតាមទូរស័ព្ទពីឈ្មោះឆៃ លីណា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ(សិស្ស)រស់នៅភូមិដប់បាត សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់​បានរាយការណ៍មកសមត្ថកិច្ចយើងថាមានករណីក្មេងទំនើងស្ទាក់វ៉ៃគ្នានៅចំណុចផ្លូវខ្វែង៦ផ្សារបត់រំដួលស្ថិតក្នុងភូមិបត់រំដួលឃុំផ្ទះរុងស្រុកតាលោសែនជ័យ។

លោកវរសេនីយ៍ទោអ៊ុលហៃអធិការនគរបាលស្រុកតាលោសែនជ័យបានឲ្យដឹងថាក្រោយពីទទួលព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ផ្ទះរុងបានសហការជាមួយកម្លាំងអធិការផែនជំនាញព្រហ្មទណ្ឌដឹកនាំដោយលោកអនុសេនីយ៍ឯកសំគ្រៀននាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង(ស្ដីទី)បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកចុះទៅដល់កន្លែងកើតហេតុក៏បានឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះឈីន វិរៈ​ភេទប្រុស​អាយុ២០ឆ្នាំ​មុខរបរកសិកររស់នៅភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ដែលបានធ្វើសកម្មភាពវ៉ៃទៅលើជនរងគ្រោះឈ្មោះស៊ីម វីសា​ ភេទប្រុស អាយុ១៧ឆ្នាំមុខរបរ(កសិករ)រស់នៅភូមិបាក់ចិញ្ចៀន​ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ចំនួន៤ដៃចំផ្ទៃមុខបណ្ដាលឱ្យហើមមុខ។

លោកអធិការបានបន្តថាករណីនេះបណ្តាលមកពីរឿងគុំនុំពីមុនមក។កម្លាំងសមត្ថកិច្ចបានបញ្ជូនជនសង្ស័យនឹងវត្ថុតាងជាដាវ០១ដើមមកកាន់អធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យដើម្បីសួរនាំបន្ត។

ករណីនេះភាគីជនរងគ្រោះបានដាក់ពាក្យបណ្តឹងលើជនបង្កហើយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យបានកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕

 

មតិយោបល់