ភ្នំពេញៈ ប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានបង្ហើបឱ្យដឹងថា នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦នេះ តុលាការក្រុងភ្នំពេញបានបដិសេធ សំណើសុំឱ្យកូនក្តីបាននៅក្រៅឃុំរបស់លោក ជូង ជូងី មេធាវីកាពារក្តីលោក អ៊ុ សំអាន ហើយ។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំពេញអង្គនៃការគណៈរដ្ឋមន្ត្រី កាលពីព្រឹកមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងថា ការចាប់ខ្លួនលោក អ៊ុ សំអាន គឺត្រឹមត្រូវតាមច្បាប់។
សូនជម្រាបជូនថា កាលរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ ម្សិលមិញ លោក ជូង ជូងី មេធាវីការពារក្តីឱ្យលោក អ៊ុ សំអាន បានដាក់ពាក្យស្នើសុំមក សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យកូនក្តីលោកទទួលបានសេរីភាព នៅក្រៅឃុំបណ្តោះអាសន្ន។ ប្រភពបន្តថា មេធាវីរូបនេះបាន បង្ហាញមូលហេតុមកតុលាការថា ការស្នើសុំឱ្យកូនក្តីលោកបាននៅក្រៅឃុំបណ្តោះអាសន្ននោះ គឺដោយសារកូនក្តីលោកមានទីលំនៅច្បាស់លាស់។
គួររំឮកថា លោក អ៊ុ សំអាន អ្នកតំណាងរាស្ត្ររបស់គណៈបក្សសង្គ្រោះជាតិ មណ្ឌលសៀមរាប ត្រូវបានសមត្ថកិច្ច នាយកដ្ឋានប្រឆាំងភារវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ចាប់ឃាត់ខ្លួនកាលពីយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នៅក្នុងខេត្តសៀមរាប ហើយលោក អ៊ុ សំអាន ត្រូវបានតុលាការ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស នៅល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ក្រោមបទចោទប្រកាន់ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ និងញុះញង់ឱ្យមានការរើសអើង ដោយបានបង្ហោះរូបភាពផែនទីប្រទេសកម្ពុជា លើគណនីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់លោក ដោយអះអាងថា ផែនទីដែលរាជរដ្ឋាភិបាលកំពុងប្រើប្រាស់ជាផែនទីក្លែងក្លាយ ដែលភាគីកម្ពុជា ខាតបង់ ចំពោះការបោះបង្គោលព្រំដែន ជាមួយប្រទេសវៀតណាម៕
មតិយោបល់