ភ្នំពេញ: ទីតាំងបើកហ្គេមបាញ់ត្រី ២៤ម៉ោងលើ២៤ម៉ោង ជាច្រើនកន្លែង នៅក្នុងទឹកដីខណ្ឌឫស្សីកែវ និងជាពិសេសទៅទៀត នៅខាងក្រោយប៉ុស្តិ៍ទួលសង្កែ មានជិត ១០ទូ និងទីតាំងផ្សេងៗ ជាច្រើនកន្លែងទៀត ក្នុងនោះ យើងសង្កេតឃើញថា មានសិស្សសាលា រួមទាំងក្មេងទំនើង ក្រុមបងតូច-ធំ បានមកចូលលេង ដោយខ្លះទៀត សំងំសេពគ្រឿងញៀន នៅទីនោះក៏មាន។
បើតាមប្រភព ពីប្រជាពលរដ្ឋបាននិយាយប្រាប់អង្គភាព Post News ថា សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន មួយចំនួន បានទទួលយកផលប្រយោជន៍ ពីម្ចាស់ទីតាំង ប្រភេទហ្គេមបាញ់ត្រី ភ្នាល់បាល់ និង កត់កន្ទុយលេខ ហើយអាជ្ញាធរ និងសមត្ថកិច្ចខ្លះទៀត រារែកក្នុងការចុះបង្ក្រាប ព្រោះអី គឺជាឆ្នាំងបាយរបស់អាជ្ញាធរ ហើយនិងសមត្ថកិច្ច ។
ប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងទៀតថា អ្នកដែលកាងកន្លែងហ្គេមបាញ់ត្រីនោះ មានឈ្មោះ ហ៊ាណូន និង ហ៊ាហេង ជាអ្នកកាងបន្តពីមេធំ ដែលជាមន្ត្រីប៉ូលិសនៅអគ្គស្នងការ ។ ប្រជាពលរដ្ឋ បានបន្តទៀតថា នៅក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ មានទីតាំងលួចបើកល្បែងភ្នាល់បាល់ កត់កន្ទុយលេខ ចាក់អាពោង ហ្គេមសីុសងជាច្រើនកន្លែង ហើយទីតាំងទាំងនោះ មានប្រមាណជាជិត ៣០កន្លែង តែងតែបានបង់ប្រាក់ ជាប្រចាំខែ ឲ្យទៅមេប៉ុស្តិ៍ អធិការ អធិការរង ទើបពួកគេអាចបានបើកលេង យ៉ាងរលូន ។
ប្រជាពលរដ្ឋ បាននិយាយទៀតថា កាលពីមុនបុណ្យចូលឆ្នាំថ្មី គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌ បានធ្វើការចុះបង្ក្រាប ទីតាំងទូហ្គេម មួយកន្លែង ក្នុងសង្កាត់ច្រាំងចំរេះ២ ហើយបានធ្វើការឃាត់ខ្លួន អ្នកមើលការខុសនៅទីនោះ ព្រមទាំងអ្នកដែលអង្គុយលេង ផងដែរ ។
ជាថ្មីម្តងទៀត ប្រជាពលរដ្ឋ សូមសំណូមពរដល់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ មេត្តាជួយចុះបង្ក្រាប នៅទីតាំងខាងលើ ដែលបានបើកលែ្បងសីុសង ខុសច្បាប់ ៕
មតិយោបល់