ស្ទឹងត្រែងៈ យោងតាមផេក កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានឲ្យដឹងថា នៅម៉ោង០៨និង៣០នាទី ថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២២ ចំណុចភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កម្លាំងកងរាជអាវុធហត្ថខេត្តសហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងស្ទឹងត្រែង ដឹកនាំដោយលោកនៅ យូណារិទ្ធ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ចុះបង្ក្រាបករណីខាងលើ ចាប់ខ្លួនជនសង្ស័យ០៥នាក់ (នៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២២ ចាប់ខ្លួន២នាក់ម៉ូតូ២គ្រឿង ថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២២ ចាប់ខ្លួន៣នាក់ និងធ្វើការឆែកឆេរលំនៅឋានមួយកន្លែង ចាប់យកវត្ថុតាងរួមមាន៖ ដាវ៣, កាំបិតប៉័ងតោ៣, ដំបងឫស្សី១, សោម៉ូតូ១, កំបាំងកម៉ូតូ១, និងមធ្យោបាយម៉ូតូ៤គ្រឿង ។
អំពីរឿងហេតុ៖ កាលពីថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២២ ម៉ោង៩និង៣០នាទីចំណុចផ្លូវចូលតាដុងតាដាំ ស្ថិតក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រុមជនសង្ស័យខាងលើ បានយកកាំបិត និងដាវ ដែលជាវត្ថុតាងខាងលើ ធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ ខ្លា សុខលីន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករជាជ័រកៅស៊ូ មានទីលំ នៅភូមិអូរកណ្តៀរ ឃុំអូរកណ្តៀរ ស្រុកសំបូរ ខេត្តក្រចេះ បណ្តាលឱ្យរងរបួសដៃស្តាំជាទម្ងន់ (កុំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង) និងកាប់ម៉ូតូរបស់ជនរងគ្រោះ១គ្រឿង បែក បាក់ជាច្រើនកន្លែង ខណ:ពេលជនរងគ្រោះកំពុងរត់ស្រែកឱ្យគេជួយ ។ ករណីនេះមូលហេតុមានគំនុំជាមួយគ្នា ។
នៅម៉ោង១៨និង៤០នាទី ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចទល់មុខសណ្ឋាគាររស្មីពេជ្រ ស្ថិតក្នុងភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងជនង្ស័យខាងលើ បានយកដាវ និងកាំបិតជិះម៉ូតូ១គ្រឿង ដេញកាប់ជនរងគ្រោះ ដែលកំពុងជិះម៉ូតូមានគ្នា២នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ណុប ចាន់សុភ័ក្ត្រា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ ២-ឈ្មោះ ឡាំ សំណាង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិ-សង្កាត់ជាមួយគ្នាខាងលើ ។
ករណីនេះនៅពេលដែលជន សង្ស័យដេញកាប់មកដល់កន្លែងកើតហេតុ ជនរងគ្រោះទាំង២នាក់ខាងលើ បានផ្តួលម៉ូតូទុកចោល រួចរត់កាត់វាលស្រែទាំងយប់ ពេលនោះជនសង្ស័យ បានកាប់ម៉ូតូជនរងគ្រោះ បាក់បែកជាច្រើនកន្លែង (មូលហេតុមានគំនុំជាមួយគ្នា តាមចម្លើយសារភាពរបស់ជនសង្ស័យ) ។
ក្រោយពេលបទល្មើសប្រព្រឹត្តរួចបន្តិចមក អណាព្យាបាលរបស់ជនរងគ្រោះ និងសាក្សីបានរាយការណ៍ ព្រមទាំងប្រាប់អត្តសញ្ញាណជនសង្ស័យ មួយចំនួនមកសមត្ថកិច្ច បានតាមស្រាវជ្រាវចាប់ខ្លួនជនសង្ស័យខាងលើ បានជាបន្តបន្ទាប់ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងឃាត់ និងរក្សាទុកក្នុងអង្គភាព ដើម្បីឱ្យការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនខ្លួនទៅអយ្យការតាមនីតិវិធី ៕
មតិយោបល់