ភ្នំពេញៈ នៅវេលាម៉ោង០១និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Ranger Rover ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BA-9110 បើកបរបុកម៉ូតូ Pass App មួយគ្រឿង ពាក់ស្លាកលេខព្រៃវែង 1M-9900 បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងកន្លែងកើតហតុ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កហេតុ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ម្នាក់ បើកបរធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ។ ខណៈបើកបរធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុនោះ បានបុកម៉ូតូ Pass App មួយគ្រឿងពេញទំហឹង បណ្តាលឲ្យមនុស្សរងរបួសធ្ងន់ម្នាក់ ។ ភ្លាមៗនោះដែរ ជនរងគ្រោះ ត្រូវគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។ ចំណែកម្ចាស់រថយន្តបង្កហេតុខាងលើនោះ បន្ទាប់ពីកើតហេតុបានចុះរត់គេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ក្រុមការងារនៃអង្គភាពសារព័ត៌មានPost News យើងខ្ញុំមិនទាន់មានប្រភពណា មួយបញ្ជាក់ឲ្យដឹងច្បាស់ថា មូលហេតុអ្វីដែលបណ្តាលឲ្យរថយន្តនិងម៉ូតូផាស់ស្អាប់ទាំងពីរគ្រឿងនេះបុកគ្នា ។ នេះគ្រាន់តែជាព័ត៌មាន បឋមតែប៉ុណ្ណោះ ។ សភាពរថយន្តនិងម៉ូតូផាស់ស្អាប់ទាំងពីរគ្រឿងនេះ រងការខូចខាតយ៉ាងធ្ងន់ធ្ងរទាំងសងខាង ។
នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនគរបាល នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ និងសាកសួរព័ត៌មាន ។ បន្ទាប់មក កម្លាំងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានយកវត្ថុតាង ទាំងពីរគ្រឿងយកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីស្វែងរកម្ចាស់រថយន្ត និងម្ចាស់ម៉ូតូផាស់ស្អាប់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមនីតិវិធីផ្លូវច្បាប់នាពេលក្រោយ ៕
មតិយោបល់