ព័ត៌មានជាតិ

មនុស្សម្នាក់រងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងករណីរថយន្តនិងម៉ូតូបុកគ្នា នៅខណ្ឌចំការមន

ភ្នំពេញ: នៅវេលាម៉ោង០៣និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាកអាល់ហ្វាត មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2AZ-6196 បើកបរបុកម៉ូតូឌ្រីមសង់ឆ្នាំ២០២២ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1JE-0036 បណ្តាលឲ្យមនុស្សម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ បង្កឲ្យមានការភ្ញាក់ផ្អើលកើត ឡើង ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ គេឃើញរថយន្តនិងម៉ូតូទាំងពីរគ្រឿងនេះ ធ្វើដំណើរតាមដងផ្លូវម៉ៅ សេទុង ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែបុកគ្នាបណ្តាលឲ្យរងការខូចខាតទាំងសងខាង ។ ចំណែកភាគី ខាងម៉ូតូត្រូវបានរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។

ទិដ្ឋភាពនៅកន្លែងកើតហេតុ ឃើញថាភាគីខាងម៉ូតូដឹកផ្លែម្នាស់ មានសភាពរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ ចំណែកឯរថយន្តនោះវិញក៏ មានសភាពខូចខាតយ៉ាងដំណំផងដែរ ។

នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌចម្ការមន បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដើម្បីឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នា បញ្ចប់រឿងនៅកន្លែងកើតហេតុ ។ បើករណីនេះ ម្ចាស់ភាគីទាំងសងខាងធ្វើការដោះ ស្រាយគ្នាមិនត្រូវនោះទេ កម្លាំងសមត្ថកិច្ចនគរបាលនឹងធ្វើការវាស់វែង យកវត្ថុតាងទាំងពីរគ្រឿង ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បី រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយទៅតាមនីតិវិធីផ្លូវច្បាប់ ។

សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ក្រុមការ ងារនៃអង្គភាពសារព័ត៌មានPost News យើងខ្ញុំមិនទាន់ដឹងខាងណា ខុសនោះទេ ព្រោះមិនទាន់មានប្រភពបញ្ជាក់ប្រាប់ឲ្យដឹងច្បាស់ ។ នេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់