ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន នឹងជួបជាមួយសិស្សនិន្ទេស «A» នៅថ្ងៃទី២៨ ខែកុម្ភៈខាងមុខនេះ!

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា សម្តេចនឹងជួបជាមួយសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលជាប់និន្ទេស «A» នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ នៅចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែង ៩៣,៥៦គីឡូម៉ែត្រ ក្រោមជំនួយឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងទឹកប្រាក់ជាង ៣៣ លានដុល្លារអាម៉េរិក នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កំណត់យកថ្ងៃទី២៨ ខែកុម្ភៈ ដើម្បីជួបជាមួយសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប។ សម្តេចតេជោលើកឡើងថា «ខ្ញុំកំពុងគិតដំបូងឡើងខ្ញុំគិតសិស្សនិន្ទេស A នេះយកតែអ្នកខេត្តកណ្តាល និងភ្នំពេញទេ ដើម្បីជួបគ្នានៅរាជធានីភ្នំពេញ។ ឯសិស្សនៅតាមបណ្តាលខេត្តគឺត្រូវធ្វើតាមអនឡាញ ប៉ុន្តែខ្ញុំគិតថាទាំងចៅហ្វាយខេត្ត ឬក្រុមការងារបានជួយសិស្សនិន្ទេស A ។ តែត្រឹមតែសិស្ស និងម្តាយឪពុក ឬអាណាព្យាបាលត្រឹម ១ ៨០០ នាក់ ថែមទាំងក្រុមគ្រួសារអាចទទួលនៅរាជធានីភ្នំពេញបាន បើទោះបីនៅភ្នំពេញមានអូមីក្រុង កើនឡើងបន្តិចក្តី”។ សម្តេចតេជោបានអះអាងថា “ខ្ញុំរង់ចាំជួបយូរហើយ តែខ្ញុំកំណត់យកថ្ងៃទី២៨ ខែកុម្ភៈ។ យើងមិននឹកស្មានថាក្នុងដំណាក់កាលរៀនតាមអនឡាញ ហើយដំណាក់កូវីដ ប៉ុន្តែបែជាក្មួយៗ ប្រឡងជាប់និន្ទេស A រហូតប្រមាណ ១ ៧០០ ឬ ១ ៨០០ នាក់ ។ កាលពីមុនមានតែ៤០០នាក់ ឬ៥០០នាក់ ដែលចាប់ដំបូងឡើងមានតែ១៦នាក់ប៉ុណ្ណោះ”។ ជាមួយគ្នានោះដែរ សម្តេចតេជោបានបន្ដថា ក្រុមហ៊ុន ជីប ម៉ុង បានបញ្ជាទិញអាយផេត (iPad) ដើម្បីផ្តល់ជូនសិស្សនិន្ទេស A ដែលការកុំម្ម៉ង់បញ្ជាទិញនេះ នឹងមកដល់នៅថ្ងៃទី២២ ខែកុម្ភៈ ខាងមុខ ។ សម្ដេចតេជោបានបន្ថែមថា “អីចឹងខ្ញុំបញ្ជាក់ថា នឹងជួបសិស្សនិន្ទេស A នៅភ្នំពេញ”។

សម្តេចតេជោនាយករដ្ឋមន្រ្ដីក៏បានណែនាំឱ្យអភិបាលខេត្ត ត្រូវរៀបចំជូនសិស្ស រួមទាំងម្តាយ ឪពុក ឬអាណាព្យាបាលនៅទីក្រុងភ្នំពេញ ដោយចេញថ្លៃធ្វើដំណើរ និងកន្លែងស្នាក់នៅផងដែរ។

សូមជម្រាបជូនថា សិស្សដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅក្នុងឆ្នាំសិក្សា២០២១-២០២២ គ្រប់រាជធានី ខេត្ត ដែលទទួលបាននិទ្ទេស A មានចំនួន រហូតដល់ ១ ៧៥៣ នាក់ ក្នុងនោះ មកពីរាជធានី ខេត្ត រួមមាន បេក្ខជនមកពីរាជធានីភ្នំពេញ ចំនួន៥៦៥ នាក់, ខេត្តសៀមរាបចំនួន ១៥៣ នាក់, កណ្តាល ១២៧ នាក់, បាត់ដំបង ១២៣ នាក់, កំពង់ចាម ១១៨ នាក់, បន្ទាយមានជ័យ ៩៩ នាក់, តាកែវ ៩៩ នាក់, ព្រៃវែង ៨៧ នាក់, កំពត ៧៥ នាក់, ត្បូងឃ្មុំ ៥៤ នាក់, ក្រចេះ ៤៥ នាក់, កំពង់ធំ ៤១ នាក់, កំពង់ស្ពឺ ៣៣ នាក់, ពោធិ៍សាត់ ២៨ នាក់, ស្វាយរៀង ២៦ នាក់, កំពង់ឆ្នាំង ២២ នាក់, ព្រះសីហនុ ២០ នាក់, រតនគិរី ០៩ នាក់, ស្ទឹងត្រែង ០៦ នាក់, ប៉ៃលិន ០៦ នាក់, ឧត្តរមានជ័យ ០៥ នាក់, កោះកុង ០៤ នាក់, ព្រះវិហារ ០៤ នាក់, កែប ០៣ នាក់, និងខេត្តមណ្ឌលគិរី ០១ នាក់៕

មតិយោបល់