ព័ត៌មានជាតិ

ស្លាប់ ២នាក់ រងរបួសធ្ងន់ ២នាក់ ករណីរថយន្តបុកជាមួយម៉ូតូ នៅក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ: យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា មនុស្សចំនួន០២នាក់បានបាត់បង់ជីវិត និងក្មេងប្រុស-ស្រីចំនួន០២នាក់ រងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបុកប៉ះជាមួយម៉ូតូ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើត ឡើងនៅវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងទីប្រជុំជន ត្រង់ចំណុច លើស្ពានសាលាក្រៅ ឋិតក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ទោ សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា៖ ជនរងគ្រោះបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ១-/ ឈ្មោះ ឌិន វ៉ា ភេទប្រុសអាយុ ៥៣ឆ្នាំ អ្នកបើកបរម៉ូតូ , ២/-ឈ្មោះ បូ សម្បិត្ត ភេទប្រុស អាយុ ៣០ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ អ្នករួមដំណើរ,​ ៣/-ឈ្មោះ ប៉ាន់ វ៉ាន់ណៃ ភេទស្រី អាយុ ០៧ឆ្នាំ រងរបួសធ្ងន់ អ្នករួមដំណើរ, ៤/- ឈ្មោះ ប៉ាន់ វ៉ាន់ណយ ភេទប្រុស អាយុ ០២ឆ្នាំ អ្នករួមដំណើរ ជនរងគ្រោះទាំង ០៤នាក់ នៅភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកនាយរងការិយាល័យ បានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុ ជនរងគ្រោះ បានបើកបរម៉ូតូ ម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ-1T-8051 ក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុត្រង់ចំណុច លើស្ពានសាលាក្រៅ ឋិតក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត អ្នកបើកម៉ូតូបានប្តូរគន្លងទិសបត់ឆ្វេងមិនបានប្រយ័ត្ន ស្របពេលនោះមានរថយន្តម៉ាក TOYOTA SIENNA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AF-9960 បើកមកពីក្រោយក្នុងល្បឿនលឿនស្របទិសគ្នា បានបុកប៉ះពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរ០១នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរក្មេងប្រុស ស្រី០២នាក់​ រងរបួសធ្ងន់ ត្រូវបានរថយន្តនគរបាលចរាចរណ៍ដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកសពជនរងគ្រោះទាំង០២នាក់ បានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ រថយន្តនិងម៉ូតូខូចខាតធ្ងន់ យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕

មតិយោបល់