ព័ត៌មានជាតិ

ឃាតកសម្លាប់សង្សារក្នុងផ្ទះសំណាក់អូយេស អាចប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត

ភ្នំពេញ: នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ លោក សេង លាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទ ឈ្មោះ ចាន់ សុភ័ក្រ ដែលបានសម្លាប់សង្សារនៅក្នុងផ្ទះសំណាក់ អូយេស ជាបណ្តោះអាសន្នហើយ។

ជនត្រូវចោទឈ្មោះ ចាន់ សុភ័ក្រ ហៅពៅ ភេទប្រុស អាយុ៣៨ឆ្នាំ ត្រូវបានលោក ហោ លីណា តំណាងអយ្យការចោទប្រកាន់ពីបទ ឃាតកម្មគិតទុកជាមុន លើជនរងគ្រោះឈ្មោះ អាង វណ្ណា ភេទស្រី អាយុ២២ឆ្នាំ មុខរបរ នារីខារ៉ាអូខេ ហេង ហេង២ ស្នាក់នៅសង្កាត់ផ្សារដេរប៉ូ៣ ខណ្ឌទួលគោក ប្រព្រឹត្តនៅផ្ទះសំណាក់ អូយេស បន្ទប់លេខ២០C ជាន់ទី៣ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីម៉ោងប្រមាណ១១ និង៣០នាទីថ្ងៃទី២៥ តុលា ឆ្នាំ២០១៦ យោងតាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។

យោងតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌជនត្រូវចោទអាចប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត។

សូមបញ្ជាក់ថា ជនត្រូវចោទ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនបានកាលពីម៉ោងប្រមាណ១១ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខមន្ទីរពេទ្យលោកសង្ឃក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

យោងតាមរបាយការណ៍សាកសួរចម្លើយរបស់សមត្ថកិច្ច ជនត្រូវចោទរូបនេះបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពសម្លាប់នារីរងគ្រោះជាសង្សារពិតប្រាកដមែន ដោយសារខ្លួនប្រចណ្ឌ និងខឹងនារីរងគ្រោះមានសង្សារច្រើនពេក។ ជនត្រូវចោទបន្តថា ខ្លួនបានយកកន្សែងពោះគោខ្ទប់មាត់ និងច្របាច់កនាងរហូតដល់ផុតដង្ហើមស្លាប់។ ជនត្រូវចោទបញ្ជាក់ថា ខ្លួននិងជនរងគ្រោះធ្លាប់មានទំនាក់ទំនងស្នេហារយ:ពេលជាងមួយឆ្នាំ ហើយក្រោយពីសម្លាប់នារីជាសង្សារួចខ្លួនបានយកទូរសព្ទ័IPhone 6 កងដៃ និងខ្សែរក របស់ជនរងគ្រោះ រួចហើយបានគេចខ្លួនតែម្តង៕

មតិយោបល់