ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍សរុបក្នុងឆ្នាំ២០២១ បានកើតឡើងចំនួន ២,៦៧០លើក និងបណ្តាលឲ្យស្លាប់ចំនួន១,៤៩៧នាក់

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២១ បានកើតឡើងចំនួន ២,៦៧០លើក បណ្តាលឲ្យស្លា.ប់ចំនួន១,៤៩៧នាក់ និងរបួសចំនួន ៣,៦១៥នាក់ របួសធ្ងន់ ២,២៤៦នាក់។ មូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ គឺបើកបរលើសល្បឿនកំណត់៣៨% មិនគោរពសិទ្ធិ២៤% មិនប្រកាន់ស្តាំ១៤% វ៉ាជែង៨% បត់៨% ស្រវឹង៤% កត្តាយានយន្ត៣% និងងងុយ១%។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ និងទិសដៅការងារបន្ដ។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា ប្រតិបត្តិការត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៩ អនក្របក. ប្រចាំឆ្នាំ២០២១ ទទួលលទ្ធផល ដូចជា៖ ត្រួតពិនិត្យយានយន្តសរុបចំនួន ២,១១២,៦៧០គ្រឿង ក្នុងនោះម៉ូតូចំនួន ៦៤%, រកឃើញយានយន្តល្មើស និងពិន័យចំនួន ២២៣,៨៧៩ គ្រឿង (២២៤,៤២២ករណី) ស្មើ១១% ក្នុងនោះម៉ូតូចំនួន ១៦៨,៩៥៦គ្រឿង (១៦៨,៩៥៧ករណី) ស្មើ៧៥% និងរថយន្តចំនួន ៥៤,៩២៣គ្រឿង (៥៥,៤៦៥ករណី) រថយន្តធុនធ្ងន់ចំនួន២០%។

ការពិន័យចំពោះបទល្មើសចរាចរណ៍ឆ្នាំ២០២១ បានចំនួន ១៩,៩១១,៨៩៥,០០០រៀល (ដប់ប្រាំបួនប៊ីលានប្រាំបួនរយដប់មួយលានប្រាំបីរយកៅសិបប្រាំពាន់រៀលគត់)។

ការត្រួតពិនិត្យអ្នកជិះម៉ូតូល្មើសសរុប ១៦៨,៩៥៦គ្រឿង (១៦៨,៩៥៧ករណី) ក្នុងនោះមិនពាក់មួកសុវត្ថិភាព បានធ្វើការឃាត់បង្ខំឲ្យរកមួកមកពាក់ និងពិន័យចំនួន ៩១% នៃចំនួនករណីល្មើសសរុប។ ការល្បាតត្រួតពិនិត្យតាមផ្លូវជាតិលេខ៤ លេខ៥ លេខ៦ លេខ៧ លេខ៨ លេខ ៧៣ លេខ៧៨ លេខ៤១ លេខ៤៤ លេខ៥១ បានរកឃើញរថយន្តល្មើស និងពិន័យចំនួន ២០,១៦១គ្រឿង លើចំនួន២០,៦៥៤ករណី។

ការត្រួតពិនិត្យល្បឿនបានរកឃើញរថយន្តបើកបរល្មើសល្បឿនធ្វើការពិន័យចំនួន ១០,០០៨គ្រឿង ស្មើ១៨% នៃករណីល្មើសសរុប។ ការត្រួតពិនិត្យជាតិស្រវឹង បានរកឃើញអ្នកបើកបរស្រវឹងចាត់ការតាមច្បាប់ចំនួន ៨៦៧នាក់ ក្នុងនោះ អ្នកបើកបររថយន្តចំនួន ៤១% និងអ្នកបើកបរម៉ូតូចំនួន ៥៩%។

ការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសរាជធានី ខេត្ត បានធ្វើការត្រួតពិនិត្យយានយន្ត ប្រចាំឆ្នាំ២០២១ ទទួលបានលទ្ធផលសរុបចំនួន ៦៣,៦៥២គ្រឿង យានយន្តត្រឹមត្រូវចំនួន ៥៣,៦០៩គ្រឿង រថយន្តខុសលក្ខណៈបច្ចេកទេស ចំនួន១០,០៤៣គ្រឿង។

មតិយោបល់