ព័ត៌មានជាតិ

រថយន្តបើកបុកម៉ូតូនៅម្តុំស្តុបពេទ្យចិន បើករត់មកបុកផាស់ស្អាប់នៅម្តុំស្តុបចំការមន បណ្តាលឲ្យមនុស្ស០២នាក់រងរបួសធ្ងន់

ភ្នំពេញៈ នៅវេលាម៉ោង០៣និង១៥ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តមួយគ្រឿងម៉ាកម៉ាស្តារ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AV-1090 បើកបរដោយបុរសម្នាក់ បុកម៉ូតូម៉ាក PCX មួយគ្រឿង នៅម្តុំស្តុបពេទ្យចិន រងរបួសធ្ងន់មនុស្ស០២នាក់ រថយន្តបង្កហេតុបានបន្តដំណើរទៅមុខបុកម៉ូតូផាស់ស្អាប់មួយគ្រឿង ទៀតនៅត្រង់ម្តុំស្តុបចំការមន បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់ប្រជាពលរដ្ឋនិងកម្លាំង សមត្ថកិច្ចនគរបាល ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ យោងតាមក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំបានចុះទៅដល់ទីតាំងកន្លែ ងកើតហេតុផ្ទាល់ បានធ្វើបទសម្ភាសន៍ជាមួយនារីវ័យក្មេងម្នាក់ នៅក្នុងចំណោមជនរងគ្រោះ ដែលបានឃើញហេតុការណ៍ជាក់ស្តែង ។ នាងបាននិយាយរៀបរាប់ប្រាប់ឲ្យដឹងដូច្នេះថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូធ្វើដំណើរតាមដងផ្លូវព្រះមុនីវង្ស ។ លុះពេលធ្វើដំណើរមកដល់ត្រង់ចំណុចកើតហេតុ នៅម្តុំស្តុបពេទ្យចិន ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកម៉ាស្តារ ពណ៌ស បើកបរដោយបុសរសម្នាក់បានបើកបុកម៉ូតូម៉ាក PCX មួយគ្រឿងប៉ើងខ្ទាតទៅបុកដើមឈើ បណ្តាលឲ្យមនុស្ស០២នាក់រងរបួសធ្ងន់ ។

ប្រភពដដែលបានបញ្ជាក់ទៀតថា រថយន្តបង្កហេតុខាងលើនោះ ម្ចាស់មិនព្រមឈប់នោះទេ បានបន្ថែមល្បឿនយ៉ាងលឿនបន្តទៅមុខ ទៀតត្រូវបានបងប្អូនជនរងគ្រោះ ជិះម៉ូតូដេញតាមមកដល់ត្រង់ចំណុចម្តុំស្តុបចំការមន រថយន្តនោះបានបុកម៉ូតូផាស់ស្អាប់មួយគ្រឿង ទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំផងដែរ ។

រីឯសភាពរថយន្តបង្កហេតុនោះវិញ យើងឃើញថាឡើងខ្ទេចផ្នែកខាងមុខយ៉ាងធ្ងន់ធ្ងរតែម្តង ធ្វើដំណើរទៅមុខលែងរួច ។ ចំណែកតៃកុងអង្គុយនៅក្នុងរថយន្តមិនព្រមចុះនោះទេ ហាក់បីដូចជាគ្មានហេតុការណ៍អ្វីកើតនោះឡើងនោះ ។

នៅក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌចំការមន បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដើម្បីធ្វើការសាក សួរព័ត៌មានបន្ថែម ងាយស្រួលដល់កម្លាំងសមត្ថកិច្ច ធ្វើការដោះស្រាយបញ្ហាទៅតាមនីតិវិធីច្បាប់ ។

ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ​ ភាគីខាងជនរងគ្រោះមិនចង់មានរឿងវែងឆ្ងាយនោះទេ គឺចង់ឲ្យភាគីរថយន្តបង្កហេតុ ចេញមុខមកធ្វើការដោះស្រាយ ថ្លៃខូចខាតនិងថ្លៃព្យាបាលជនរងគ្រោះតែប៉ុណ្ណោះ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ។

ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ដឹងពីដំណោះ ស្រាយយ៉ាងណានោះទេ ដោយភាគីខាងរថយន្តបង្កហេតុ មិនព្រមចុះពីក្នុងរថយន្ត ដើម្បីធ្វើការចរចាគ្នាជាមួយភាគីខាងជនរងគ្រោះ នោះឡើយ ។ នេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់