ភ្នំពេញៈ កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យដែលជាមុខសញ្ញាឆក់កាបូបដ៏សកម្មម្នាក់ ក្រោយពីជនសង្ស័យខាងលើធ្វើសកម្មភាពឆក់មិនបានសម្រេច កាលពីវេលាម៉ោង ១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបេតុង សង្កាត់គីឡូម៉ែត្រលេខ៧ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ នួន ចាន់ថា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ១១៨ ផ្លូវ៩៣ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។ ចំណែកឯស្ត្រីរងគ្រោះមានឈ្មោះ ហឿនគឹមឡេង អាយុ ៣៨ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅម្តុំផ្សារអូឡាំពិក សង្កាត់អូឡាំពិក ខណ្ឌចំការមន។
បើតាមប្រភពព័ត៌មានពីស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានធ្វើដំណើរ២នាក់កូនស្រីដោយជិះចេញពីផ្ទះនៅម្តុំផ្សារអូឡាំពិក ក្នុងគោលបំណងទៅកន្លែងធ្វើការរបស់ប្តីនៅម្តុំសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ខណៈពេលកំពុងធ្វើដំណើរដល់ចំណុចផ្លូវបិទកែងផ្លូវវត្តទួលអស់លោក ស្រាប់តែមានជនសង្ស័យចំនួន ២នាក់ ជិះម៉ូតូ ២គ្រឿង ដោយក្នុងនោះមានជនសង្ស័យម្នាក់បានជិះម៉ូតូ មួយគ្រឿងមិនចាំម៉ាក និងម៉ូតូ មួយគ្រឿងទៀត ម៉ាក Viva ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AG-2544 បានជិះមកជិតរួចធ្វើសកម្មភាពឆក់កាបូបតែម្តង។ ភ្លាមៗនោះ ស្ត្រីរងគ្រោះខាងលើបានស្រែកផ្អើលឆោឡោដល់បងប្អូនប្រជាពលរដ្ឋ ខណៈនោះ ក៏បានជួបជាមួយកម្លាំងសមត្ថកិច្ចដែលជិះល្បាតនៅទីនោះ បានចេញអន្តរាគមន៍ទាន់ពេល ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងដកហូតកាបូបរបស់ស្ត្រីរងគ្រោះបានវិញ ចំណែកឯជនសង្ស័យម្នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់។
ក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចយើងបាននាំខ្លួនជនសង្ស័យខាងលើទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលគីឡូម៉ែត្រលេខ៦ ដើម្បីធ្វើការសាកសួរ។ ចំណែកឯស្ត្រីរងគ្រោះខាងលើ ត្រូវសមត្ថកិច្ចនាំទៅប៉ុស្តិ៍ ដើម្បីធ្វើការដាក់ពាក្យបណ្តឹង និងប្រគល់សម្ភារៈកាបូបដែលជនសង្ស័យខាងលើឆក់នោះឲ្យទៅម្ចាស់ដើមវិញ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕
https://www.youtube.com/watch?v=4IYppN9owTA
មតិយោបល់