ព័ត៌មានជាតិ

អ្នកដឹកជញ្ជូនម្នាក់រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្តបើកឆ្លងផ្លូវ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្ត កំពុងបើកឆ្លងផ្លូវបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ និង២៥នាទីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងផ្សារតាំងក្រសាំង ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុឲ្យដឹងថា មុនដំបូងគេបានឃើញបុរសម្នាក់ បើករថយន្តកូរ៉េទ្រង់ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2O-4923 ក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងឆ្លងផ្លូវស្របពេលនោះ ក៏មានបុរសម្នាក់ដឹកអីវ៉ាន់ធ្វើដំណើរដោយម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HK- 3891 បើកបរក្នុងទិសដៅពីត្បូងទៅជើង សង្ស័យវាក់អើហ្រ្វាំងមិនទាន់ បណ្តាលឲ្យជ្រុលទៅបុកចំ ចំហៀងរថយន្ត បណ្ដាលឲ្យដួលរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុ និងរាយការណ៍ទៅផ្នែកជំនាញចរាចរណ៍ ចុះធ្វើការវាស់វែងយកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ៕

មតិយោបល់