ភ្នំពេញៈ នៅវេលាម៉ោង១០និង០០នាទីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់សង្ស័យស្រវឹង បើករថយន្ត BMW740Li មួយគ្រឿង យ៉ាងលឿនជ្រុលទៅបុករថយន្តកូរេដឹកពោះត្រី មួយគ្រឿង បើកស្របទិសដៅគ្នាពីក្រោយធ្វើឲ្យរថយន្តកូរេនេះ ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់ពីរកង់ក្រឡាប់ផ្ងារជើង ត្រង់ចំណុចខាងលើស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបររថយន្តកូរេដឹកពោះត្រី មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2Z-2776 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម មានទិសដៅពីជើងទៅត្បូង បានបើកឡើងស្ពានអាកាសក្បាលថ្នល់ឆ្ពោះទៅផ្លូវជាតិលេខ២ ។ លុះពេលបើកបរមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត មួយគ្រឿងទៀតម៉ាក BMW740Li ពណ៌ស គ្មានពាក់ស្លាកលេខបើកបរដោយបុរសម្នាក់ សង្ស័យស្រវឹងស្រាបើកស្របទិសដៅគ្នា តាមពីក្រោយរថយន្តកូរេក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តកូរេចំពីក្រោយទាំងកំរោល ធ្វើឲ្យរថយន្តកូរេខ្ទាតទៅបុកផ្ទុបរបាំងថ្មពុះចែកទ្រូងផ្លូវ បាក់អស់ពីរកង់ បណ្ដាលឲ្យរថយន្តកូរេ ក្រឡាប់ចាក់ពោះត្រីពេញផ្លូវលើស្ពានអាកាស និងបានរងការខូចខាតយ៉ាងដំណំផងដែរ ។
ចំណែករថយន្ត BMW បានរងការខូចខាតក្រពឹតផ្នែកខាងមុខ ករណីនេះមិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះឡើយ ហើយភ្លាមៗនោះ អ្នកបើកបររថយន្ត BMW ក៏បានចុះពីលើរថយន្តគេចខ្លួនបាត់ស្រមោល ។
នៅក្រោយពេលកើតហេតុ រថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចជំនាញ ចុះវាស់វែងស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ៕







មតិយោបល់