ភ្នំពេញៈ ដើម្បីក្លាយជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ឲ្យបាននៅត្រឹមឆ្នាំ២០៣០ និងក្នុងការគាំទ្រគោលនយោបាយអភិវឌ្ឍឧស្សាហកម្មសម្រាប់ឆ្នាំ២០១៥-២០២៥ កម្ពុជាបានចាប់ផ្តើមពិនិត្យលើជម្រើសនានា ក្នុងការធ្វើទំនើបបកម្មសេដ្ឋកិច្ចជាតិ សំដៅឈានឆ្ពោះទៅរកសេដ្ឋកិច្ចមួយដែលពឹងផ្អែកលើចំណេះដឹង កាត់បន្ថយការពឹងផ្អែកលើធនធានធម្មជាតិ និងលើកកម្ពស់ការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍន៍ និងការបង្កើតថ្មី ពិសេសបំពេញតម្រូវការថាមពលនាពេលអនាគត និងសម្រេចឲ្យបានសន្តិសុខថាមពល ដោយបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលបង្កឲ្យមានការប្រប្រួលអាកាសធាតុ។
ក្រុមការងាររួមកម្ពុជា-រុស្សី សម្រាប់កិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូសម្រាប់បម្រើឲ្យគោលបំណងសន្តិភាព ក្រោយពីបានជួបពិភាក្សាគ្នាដោយស៊ីជម្រៅ និងលម្អិតលើការងារបច្ចេកទេសរួចមក ក៏បានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នាមួយ ដើម្បីស្វែងរកប្រភពថាមពលជំនួសដែលបានមកពីថាមពលវារីអគ្គិសនី ថាមពលពន្លឺព្រះអាទិត្យនិង ថាមពលខ្យល់ ដោយនាំគ្នាពិភាក្សាលើលទ្ធភាពក្នុងការទទួលផលប្រយោជន៍ពីថាមពលនុយក្លេអ៊ែរ ក្នុងរយៈពេលវែង។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះបានសរសេរថា « យើងក៏បានចាប់ផ្តើមពិភាក្សាលើលទ្ធភាពក្នុងការទទួលផលប្រយោជន៍ពីថាមពលនុយក្លេអ៊ែរ។ យើងក៏មានចំណាប់អារម្មណ៍លើបច្ចេកទេសនុយក្លេអ៊ែរ សម្រាប់ការប្រើប្រាស់ក្នុងវិស័យសុខាភិបាល ឧស្សាហកម្ម កសិកម្ម និងវិស័យដទៃទៀតនៃសេដ្ឋកិច្ចជាតិ» ។
ដើម្បីប្រសិទ្ធភាពទៅលើជម្រើសថ្មីនេះ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពហៅកាត់ថា (ក.ជ.អ.ច) និងសាជីវកម្មថាមពលបរមាណូរដ្ឋ”រ៉ូហ្សាតូម” នៃសហព័ន្ធរុស្ស៊ី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ចំនួន៣ក្នុងនោះមានដូចជា៖ អនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូ សម្រាប់បម្រើឱ្យគោលបំណងសន្តិភាព អនុស្សរណៈយោគយល់ស្តីពីការបង្កើតក្រុមការងាររួមកម្ពុជា-រុស្ស៊ី សម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការប្រើប្រាស់ថាមពលបរមាណូ សម្រាប់ឱ្យគោលបំណងសន្តិភាព និងអនុស្សរណៈយោគយល់ស្តីពីការបង្កើតមជ្ឈមណ្ឌលព័ត៌មានថាមពលនុយកលេអ៊ែរនៅកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹងសាធារណៈអំពីថាមពលនុយក្លេអ៊ែរ ជាពិសេសក្នុងចំណោមយុវជនកម្ពុជា។
ដើម្បីអនុវត្តអនុស្សរណៈនិងកិច្ចសហប្រតិបត្តិការនេះភាគីទាំង២ បានរៀបចំកិច្ចប្រជុំលើកដំបូងនៃក្រុមការងាររបស់ខ្លួននិងបានពិភាក្សា ពិនិត្យលើសេចក្តីព្រាងកិច្ចព្រមព្រាង រវាងរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ពិភាក្សាលើបែបបទការងាររួមកម្ពុជារុស្ស៊ី ពិភាក្សាការងារអនុវត្តអនុស្សរណៈ និងពិភាក្សាលើសកម្មភាពអាទិភាព នៅក្រោមអនុស្សរណៈយោគយល់ ស្តីពី កិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ថាមពលបរមាណូ សម្រាប់បម្រើឱ្យគោលបំណងសន្តិភាព។
សេចក្តីប្រកាសនោះបានបញ្ជាក់ថា ជាអាទិភាពដំបូង នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយ រ៉ូហ្សាតូម និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបង្កើតមជ្ឈមណ្ឌល់ព័ត៌មានថាមពលនុយក្លេអ៊ែរ ដែលសង្ឃឹមថា នឹងជួយពង្រីកចំណាប់អារម្មណ៍យុវជនលើផ្នែកវិទ្យាសាស្រ្ត បច្ចេកទេស វិស្វ័កម្ម និងគណិតវិទ្យាជាពិសេសលើមុខវិជ្ជារូបវិទ្យានុយក្លេអ៊ែរនិងបច្ចេកវិទ្យានុយក្លេអ៊ែរ។ ទន្ទឹមនោះក៏គ្រោងពិភាក្សាបន្ថែមអំពីការស្រាវជ្រាវនឹងបណ្តុះបណ្តាលរួមគ្នា ក្នុងវិស័យថាមពលនុយក្លេអ៊ែរ កសាងសមត្ថភាពលើមុខវិជ្ជា រូបវិទ្យានុយក្លេអ៊ែរ សុវត្ថិភាពនុយក្លេអ៊ែរ និងវិទ្យុសកម្ម ការឆ្លើយតបបន្ទាន់ ការគ្រប់គ្រងសំណល់វិទ្យុសកម្ម និងការវាយតម្លៃផលប៉ះពាល់វិទ្យុសកម្មជាដើម៕
មតិយោបល់