ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ០២ករណី បណ្តាលឲ្យមនុស្សចំនួន ០៧នាក់ រងរបួសធ្ងន់ស្រាល នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
លោកវរសេនីយ៍ទោ ថាំង សុខា អធិការរង នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានឲ្យដឹងថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ទី១ កើតឡើងនៅវេលាម៉ោង១៩ និង០០នាទី នៅលើផ្លូវលេខ ៥៣B ស្ថិតក្នុងភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយម៉ូតូបុកក្របី បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ និងស្លាប់ក្របីមួយក្បាល នៅកន្លែងកើតហេតុ ។ ជនរងគ្រោះឈ្មោះ សូត្រ វិសាល ភេទប្រុស អាយុ ១៨ឆ្នាំ ជាអ្នកបើកបរម៉ូតូ រងរបួសធ្ងន់បាក់កដៃខាងស្តាំ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ។ ចំណែកឯក្របី សមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន បានរងចាំម្ចាស់មកដោះស្រាយ តែមិនឃើញមក ក៏ស្នើសុំបញ្ជារបស់ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដើម្បីលក់ក្របីនោះ ទៅឲ្យឈ្មោះ រិន សារ៉េត រស់នៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីយកលុយប្រគល់ជូនជនរងគ្រោះ ព្យាបាលរបួស និងជួសជុលម៉ូតូ ។ ចំពោះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខពោធិ៍សាត់ 1J -2253 ត្រូវបានសមត្ថកិច្ចប្រគល់ជូនគ្រួសារជនរងគ្រោះ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ទី២ កើតឡើងនៅវេលាម៉ោង១៩ និង៣០នាទី លើផ្លូវក្រាលកៅស៊ូមួយខ្សែ ស្ថិតក្នុងភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយកើតឡើងរវាងម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរពីត្បូងទៅជើង បុកគោយន្តកន្ត្រៃម៉ាក គូបូតា ពណ៌ក្រហម ធ្វើដំណើរពីជើងទៅត្បូងច្រាសទិសគ្នា បណ្តាលឲ្យមនុស្សចំនួន ០៦នាក់ រងរបួសធ្ងន់ស្រាល ចំពោះជនរងគ្រោះ ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ ។ ជនរងគ្រោះត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណទី១ឈ្មោះ រួន សុខមាន ភេទប្រុស អាយុ ១៨ឆ្នាំ ជាអ្នកបើកបរម៉ូតូ រងរបួសធ្ងន់ ទី២ឈ្មោះ គីន ភេទប្រុស អាយុ ១៨ឆ្នាំ ជាអ្នករួមដំណើរ រងរបួសធ្ងន់ អ្នកទាំងពីររស់នៅភូមិផ្សារ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ទី៣ឈ្មោះ ឈាន ឆើត ភេទប្រុស អាយុ ២៩ឆ្នាំ ជាអ្នកបើកបរគោយន្ត រងរបួសស្រាល ទី៤ឈ្មោះ រី រិត ភេទស្រី អាយុ ១៨ឆ្នាំ ជាអ្នករួមដំណើរ រងរបួសធ្ងន់ ទី៥ឈ្មោះ ឈាន វ៉ា ភេទស្រី អាយុ២៨ឆ្នាំ រងរបួសស្រាល ជាអ្នករួមដំណើរ ទី៦ឈ្មោះ លុច រតនា ភេទស្រី អាយុ៥ខែ ត្រូវជាកូនរបស់ឈ្មោះ ឈាន វ៉ា រងរបួសស្រាល អ្នកទាំងបួនរស់នៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ចំណែកវត្ថុតាងម៉ូតូ និងគោយន្តកន្ត្រៃ ត្រូវបានសមត្ថកិច្ចរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាច ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់