ព័ត៌មានជាតិ

ជនសង្ស័យម្នាក់បានធ្វើសកម្មភាព កាច់កម៉ូតូរបស់ប្រជាពលរដ្ឋ គេចខ្លួនបាន២ម៉ោងរួចក៏ជាប់ខ្នោះ

ភ្នំពេញៈ ជនសង្ស័យវ័យក្មេងម្នាក់ បានធ្វើសកម្មភាពកាច់កម៉ូតូ របស់ប្រជាពលរដ្ឋ ដែលចតទុកនៅក្រោយផ្ទះ ក្នុងសង្កាត់ទួលសង្កែ១ បានសម្រេច តែរយៈពេល ២ម៉ោងក្រោយមក ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបាន ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ម្ចាស់ម៉ូតូមានឈ្មោះ មួន ចែម អាយុ៤១ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ ស្នាក់នៅម្តុំវត្តទួលសង្កែ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីម្ចាស់ម៉ូតូ ដែលជាជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុគាត់ បានដាក់ម៉ូតូនៅខាងក្រោមផ្ទះ ហើយបានចូលទៅហូបបាយ មួយសន្ទុះក្រោយមក បានចេញមកវិញ ស្រាប់តែបាត់ម៉ូតូ បង្កឲ្យមានការភ្ញាក់ផ្អើល ឆោឡោឡើង បានតេទៅក្រុមហ៊ុនម៉ូតូឆែកឃើញតាម GPS ស្រាប់តែ GPS លោតឡើងនៅក្នុងមណ្ឌលសុខភាពចតុមុខ ដែលស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយសារតែជនសង្ស័យ យកម៉ូតូមកផ្ញើនៅទីនោះ ភ្លាមៗនោះម្ចាស់ម៉ូតូក៏បានមកដល់ទីតាំងមណ្ឌលសុខភាពដែល GPS ចង្អុលបង្ហាញ
ហើយមកដល់ ពិតជាឃើញម៉ូតូរបស់ខ្លួនមែន នៅពេលនោះរូបគាត់ បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន និងប្រជាការពារនៅទីនោះ ដើម្បីរង់ចាំងជនសង្ស័យវិលត្រឡប់មកយកម៉ូតូវិញ នៅវេលាម៉ោង២និង២៥នាទីរសៀលថ្ងៃ ខែឆ្នាំដដែល ជនសង្ស័យបានមកយកម៉ូតូវិញ នៅពេលនោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង ។

ជនសង្ស័យមានឈ្មោះ យ៉ុងហេង អាយុ ១៧ឆ្នាំ មុខរបរ ហៅម៉ូយដាក់ឡាន មានស្រុកកំណើតនឹងស្នាក់នៅ នៅភូមិស្នាយពល ឃុំស្នាយពល ស្រុកពារាំង ខេត្តព្រៃវែង ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ចំណែកឯម៉ូតូ ត្រូវបានប្រគល់ឱ្យម្ចាស់ដើមវិញ ៕

មតិយោបល់