ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ពីរករណី កើតឡើងបន្តបន្ទាប់គ្នា បណ្តាលឲ្យរងរបួសធ្ងន់០២នាក់

ពោធិ៍សាត់: យោងតាមផេក អគ្គស្នងការដ្ឋាននរគបាលជាតិ បានឲ្យដឹងថា មនុស្ស០២នាក់ រងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍ពីរករណីកើតឡើងជាបន្តបន្ទាប់ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២២ ។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានប្រាប់បញ្ជាក់ឲ្យដឹងថា ដោយព្រឹកថ្ងៃទី២២ ខែកុម្ភ: អាកាសធាតុប្រែប្រួល បង្កឲ្យមានភ្លៀងធ្លាក់ និងចុះអាប់ងងឹត ដែលផ្តល់ការលំបាក ក្នុងការធ្វើដំណើរលើដងផ្លូវ បណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន០២ករណី ក្នុងភូមិសាស្ត្រភូមិអណ្តូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ។

នៅវេលាម៉ោង០៧និង១៥នាទី នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៦-១៩៧ មានករណីម៉ូតូបុករថយន្ត បត់ឆ្លងផ្លូវ ដោយម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ពោធិ៍សាត់ 1I- 5065 បើកបរក្នុងទិសដៅពីលិច ទៅកើត បានបុករថយន្តម៉ាកម៉ាសស្តារ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-8852 បើកបរក្នុង ទិសដៅស្របគ្នា មកដល់ចំណុចខាងលើ បានបត់ឆ្លងផ្លូវ បណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ម៉ៅ រិទ្ធី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន រងរបួសបាក់កជើងខាងស្តាំ ។

ចំណែកឯនៅវេលាម៉ោង០៨និង២០នាទី ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៨-១៩៩ មានករណីរថយន្តបុកក្មេងរត់ឆ្លងផ្លូវ ដោយរថយន្តម៉ាកស៊ាំងយ៉ុង ពណ៌សម្បកឪឡឹក ស្លាកលេខកន្ទុយ 1318 បើកបរក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចខាងលើ បានបុកក្មេងរត់ឆ្លងផ្លូវពីជើងទៅត្បូង បណ្តាលឲ្យក្មេងប្រុស ឈ្មោះ ធឿន ចាន់សំណាង អាយុ១១ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជន ចំពោះរថយន្តបានបើករត់គេចខ្លួនបាត់ ។

បច្ចុប្បន្នជនរងគ្រោះ សមត្ថកិច្ចបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ វត្ថុតាងសមត្ថកិច្ច យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ ចាក់ការតាមនិតិវីធីច្បាប់ ៕

មតិយោបល់