ព័ត៌មានជាតិ

បុរស ៣នាក់ ជិះម៉ូតូបញ្រ្ចាសទិសដៅចរាចរណ៍ ជ្រុលទៅបុករថយន្ត បណ្ដាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ

ភ្នំពេញ: នាវេលាម៉ោង ២និង២៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរស ៣នាក់ បើកបរម៉ូតូបញ្ច្រាសទិសជ្រុលបុករថយន្តពីមុខពេញទំហឹង បណ្ដាលឲ្យរងការខូចខាត ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ដំណើររឿង៖ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជាជនជាតិចិនម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក លុចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Y-1202 ធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៨៦ ពីលិចទៅកើត ស្រាប់មកដល់ចំណុចកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1N-8466 ជិះដោយបុរស ៣នាក់ ធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន និងបញ្ច្រាសទិសដៅចរាចរណ៍ផងនោះ បានជ្រុលទៅបុករថយន្តចំពីមុខពេញទំហឹង បណ្ដាលឲ្យក្រពឹតធ្លាក់កាងខាងមុខ ចំណែកឯម៉ូតូបានរងការខូចខាតវៀចបូម និងបែកកាបាំងខាងមុខ រីឯបុរសទាំង ៣នាក់នោះរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តរបស់គ្លីនិកឯកជនដឹកយកទៅសង្គ្រោះភ្លាមៗតែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះមកធ្វើការវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំដោះស្រាយគ្នាតាមនីតិវិធីបន្តទៀត៕

មតិយោបល់