ព័ត៌មានជាតិ

Update៖ ប្រពន្ធស្រែកទ្រហោយំ ករណីប្ដីបាត់ខ្លួន ៣យប់ ស្រាប់តែប្រទះឃើញសពអណ្តែតក្នុងទឹកទន្លេ

ភ្នំពេញ: សពបុរសម្នាក់មានសភាពហើមស្អុយទៅហើយ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ អណ្តែតក្នុងទឹកទន្លេសាប បន្ទាប់ពីបាត់ខ្លួន អស់រយ:ពេល ៣យប់ដោយមិនដឹងថាមានវិបត្តិអ្វីនោះទេ។

ការប្រទះឃើញសាកសពនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ ៤ទៀបភ្លឺឈានចូលថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចគុម្ពកំប្លោកក្នុងទឹកទន្លេសាបក្បែរច្រាំងទន្លេស្ថិតនៅ ក្រុមទី៥ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សពបុរសរូបនោះ ត្រូវបានក្រុមគ្រួសារឲ្យដឹងថា ឈ្មោះ បូ ណារិទ្ធអាយុ ៣៩ឆ្នាំ ស្នាក់នៅផ្ទះ លេខ ៩៤H ផ្លូវ ផ្សារឆេរកូ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ តាមស្ត្រីម្នាក់ឲ្យដឹងថា នៅមុនពេលប្រទះឃើញសាកសពរូបគាត់ និងស្វាមី បានមកបង់សំណាញ់នៅក្បែរកន្លែងកើតហេតុខាងលើ គាត់មិនទាន់បានបង់សំណាញ់ផង ស្រាប់តែប្រទះឃើញសាកសពនៅគុម្ពកំប្លោកក្នុងទឹកទន្លេសាប ក៏មានការភ្ញាក់ផ្អើលប្រាប់តៗគ្នារាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ។

តាមនគរបាលឲ្យដឹងថាសពបុរសនោះ បានអណ្តែតរសាត់តាមខ្យល់ មកទើរនឹងកំប្លោក នៅច្រាំងទន្លេ ហើយត្រូវបានប្រជាពលរដ្ឋ រស់នៅតាមដងទន្លេ ប្រទះឃើញរាយការណ៍ ប្រាប់នគរបាលមូលដ្ឋាន ស្រង់យកដាក់លើច្រាំងដើម្បីត្រួតពិនិត្យ ។
តាមស្រ្តីឈ្មោះ ទន់ សុផាន់ណា អាយុ ៣៣ឆ្នាំ ជាកម្មាការីនីកាត់ដេរត្រូវជាប្រពន្ធ បានរៀបរាប់ទាំងយំសោកឲ្យដឹងថា ប្តីរបស់គាត់ មានជំងឺប្រចាំកាយ ហើយបានចេញពីផ្ទះ នៅវេលាម៉ោងប្រមាណ ៧យប់ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២២ មិនដឹងទៅណានោះទេ ។ បន្ទាប់ពីបាត់ខ្លួន ព្រឹកឡើងគាត់ក៏បានទៅរាយការណ៍ប្រាប់នគរបាលមូលដ្ឋានផងដែរ ។ លុះរំលង់បាន ៣យប់ ស្រាប់តែគាត់ទទួលដំណឹងថា មានសពអណ្តែតទឹកក៏បានមកមើល ទើបដឹងថា ជាសពប្តីរបស់គាត់។
តាមការត្រួតពិនិត្យ នគរបាលជំនាញ បានឲ្យដឹងថា សពបានស្លាប់ដោយសារតែលង់ទឹក ។ ទោះបីជាយ៉ាងណា គេពុំដឹងថា បុរសរូបនោះលោតទឹកសម្លាប់ខ្លួន ឬក៏រអិលធ្លាក់ទឹកស្លាប់នោះឡើយ។

សពត្រូវបានក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តឧត្តរាវត្តី ដែលស្ថិតនៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ៕

មតិយោបល់