ព័ត៌មានជាតិ

យុវជនម្នាក់ជិះម៉ូតូយកដៃទាញទូរស័ព្ទ រេចង្កូតបុករថយន្តពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ យុវជនម្នាក់រងរបួសធ្ងន់ធ្ងរ ខណៈពេលជិះម៉ូតូមួយគ្រឿង ដោយគេសង្ស័យថាស្រវឹងស្រា និយាយទូរស័ព្ទ រេចង្កូតទៅបុករថយន្តឃ្លុបដឹកអីវ៉ាន់យ៉ាងពេញទំហឹង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៦ ខែកម្ភៈ ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូបេតុង ក្នុងបរិវេណវត្តជន្លុងម្លូរ ភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តឃ្លុបដឹកអីវ៉ាន់មួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 2AA-3137 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិច ខណៈពេលមកដល់ចំណុចកើតហេតុ មានយុវជនម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ៥៥កំពង់ស្ពឺ1J-0420 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង បញ្ច្រាសទិសដៅគ្នាក្នុងល្បឿនយ៉ាងលឿន ដោយគេអះអាងថា សង្ស័យស្រវឹងស្រា បានយកដៃទាញយកទូរស័ព្ទ ស្រាប់តែជ្រុលទៅបុករថយន្តយ៉ាងពេញទំហឹង បណ្តាលអោយរងរបួសធ្ងន់ធ្ងរ ក្រោយកើតហេតុត្រូវបានដឹកយកទៅសង្រ្គោះបន្ទាន់ នៅឯគ្លីនិកឯកជនភ្លាមផងដែរ ។

ក្រោយកើតហេតុគេឃើញមាន សមត្ថកិច្ចជំនាញមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ ធ្វើកាវាស់វែងយករថយន្តនឹងម៉ូតូទៅរក្សារទុក ដើម្បីរង់ចាំធ្វើការដោះស្រាយ ៕

មតិយោបល់