ព័ត៌មានជាតិ

ករណីផ្ទុះអាគុយសូឡា បង្កជាអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ១ខ្នង បណ្តាលឲ្យរងការខូចខាតទាំងស្រុង

សៀមរាបៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃចន្ទ ១២ រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នៅវេលាម៉ោង១៣និង៥០នាទី មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នង ។

លោកវរសេនីយ៍ឯក ឌុត ខុន ស្នងការរងទទួលការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានបញ្ជាក់ថា មានករណីផ្ទុះអាគុយផ្ទាំងសូឡា ទៅប៉ះចំធុងសាំងចំណុះសាំង៥លីត្រទុកនៅលើផ្ទះ បណ្ដាលឲ្យភ្លើងឆាបឆេះផ្ទះប្រជាពលរដ្ឋឈ្មោះ ពេជ្រ សើរ ភេទប្រុស អាយុ ៥២ឆ្នាំ និងប្រពន្ធឈ្មោះ ប៉ោញ រុន ភេទស្រី អាយុ ៤៩ឆ្នាំ ជាកសិករ រស់នៅ ស្ថិតនៅភូមិស្នោ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ។

ករណីនេះបណ្ដាលអោយខូចខាត (១០០%)
-ផ្ទះទំហំ ៥ម.×៦ម. ជើងសសរកំពស់១ម. ប្រក់ស័ង្កសី ជញ្ជាំងស្លឹង ក្រាលក្ដារ ។
-ប្រាក់ខ្មែរចំនួន២០.០០០០(ម្ភៃម៉ឺន)រៀល ។
-ស្រូវចំនួន០៦.ការ៉ុង(៦០០គីឡូក្រាម)
-ស្ករត្នោត០៦.កាដុង(១កាដុង=២៥គីឡូក្រាម)
-ទូរស័ព្ទម៉ាក CamPhone ចំនួន០១គ្រឿង
-វិទ្យុទាក់ទង (motorola) ចំនួន០១គ្រឿង
-ម៉ាស៊ីនបាញ់ស្មៅចំនួន០១គ្រឿង
-ម៉ូតូ១គ្រឿងម៉ាក Honda dream (មិនស្គាល់ស៊េរី) គុណភាពចាស់ ។
-និងឯកសារសំបុត្រកំណើត/អត្តសញ្ញាប័ណ្ណ/ប័ណ្ណចាក់វ៉ាត់សាំង/សៀវភៅគ្រួសារ(មួយគ្រួសារ) និងសម្ភារ:ប្រើប្រាស់ខោអាវមួយចំនួន ។

លោកស្នងការរងបន្តទៀតថា ដោយសារផ្លូវចង្អៀត សមត្ថកិច្ចជំនាញមិនអាចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ នៃអធិការនគរបាលស្រុកពួកជួយអន្តរាគមន៍បានទេ ហើយអគ្គិភ័យបានរលត់ទៅវិញនៅវេលាម៉ោង ១៤និង០០នាទី ថ្ងៃខែឆ្នាំដដែល និងមិនមានប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ ៕

មតិយោបល់