ព័ត៌មានជាតិ

Update៖ បុរសម្នាក់បើកបរមានជាតិអាល់កុល បើករថយន្តហ៊ីយ៉ាន់ដាយបុកម៉ូតូស្កុពី បណ្តាលឲ្យនារីម្នាក់រងរបួសជាទម្ងន់

​កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់(ស្រី) និងខូចខាតម៉ូតូធ្ងន់០១គ្រឿង និងរថយន្តស្រាល០១គ្រឿង ត្រង់ចំណុចខាងជើងរង្វង់មូល ព្រែកសំរោងប្រហែល ១០០ម៉ែត្រ លើផ្លូវលេខ២១០ ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ឃាត់ខ្លួនអ្នកបើកបររថយន្តចំនួន០១នាក់ឈ្មោះ គុជ ពន្លឺ ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិព្រែក សំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ មានកម្រិតជាតិអាល់កុលចំនួន 1.058mg/L ។

នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ព្រៃវែង 2A-0994 អ្នកបើកបរឈ្មោះ គុជ ពន្លឺ ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល (ឃាត់ខ្លួន) រថយន្តបើកបរមានទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូមួយគ្រឿងម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខកណ្ដាល 1AL-7939 (មិនពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ) អ្នកបើកបរឈ្មោះ ទូច ចាន់ផល្លីការ ភេទស្រី អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យចតុមុខ) ម៉ូតូបើកបរមានទិសដៅពីជើងមកត្បូង (ទិសដៅផ្ទុយគ្នា) ។

បច្ចុប្បន្ន​មធ្យោបាយដែលពាក់ព័ន្ធ ត្រូវបានយកមករក្សាទុកបណ្តោះអាសន្ន នៅអធិកាដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តនីតិវិធី ៕

មតិយោបល់