ព័ត៌មានជាតិ

រថយន្តម៉ាក FUSO បើកកៀរក្មេងប្រុសជិះកង់ម្នាក់ បណ្តាលឲ្យដួលរងរបួសធ្ងន់

ពោធិ៍សាត់ៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៣និង៥០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក FUSO កៀរក្មេងជិះកង់ក្នុងដំណើរស្របទិសគ្នាពីលិចមកកើត នៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៨-២០៩ ស្ថិតនៅភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន បណ្តាលឲ្យរងរបួសធ្ងន់ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងអាជ្ញាធរចុះជួយដល់កន្លែងកើតហេតុ និងបានរាយការណ៍ ដល់សមត្ថកិច្ចនគរបាល ក្នុងមូលដ្ឋានជួយអន្តរាគមន៍ ។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាកាន បានឲ្យដឹងថា រថយន្តបង្កហេតុម៉ាក (FUSO) ពណ៌ខៀវ ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A-5868 សណ្ដោងរ៉ឺម៉ក ផ្លាកលេខរ៉ឺម៉ក កំពង់ស្ពឺ 4A- 0216 (អញ្ញាតជន) បានបើករថយន្ត កៀរក្មេងជិះកង់នៅចំណុចកើតហេតុខាងលើ បណ្តាលឲ្យក្មេងជិះកង់ឈ្មោះ អឿន យូអ៊ី ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិស្រករ ឃុំបឹងខ្នារ ស្រុកបាកាន រងរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបាកាន ។
ក្រោយពេលកើតហេតុ អ្នកបើករថយន្តបង្កបានបើករត់គេចពីកន្លែងកើតហេតុ ទៅទិសខាងកើត មកដល់ចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជង កម្លាំងសមត្ថកិច្ចប៉ុស្តិ៍បានឃាត់រថយន្តបង្កនោះ ប៉ុន្តែអ្នកបើកបររថយន្តនោះមិនឈប់ បានបើករត់គេចទៅមុខទៀត កម្លាំងសមត្ថកិច្ចជំនាញ បានបើកឡានដេញតាមពីក្រោយ ពេលទៅដល់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៩-២០០ ស្ថិតភូមិក្តីឈ្នួល ឃុំត្រពាំងជង ស្រុកបាកាន ទើបអ្នកបើកបររថយន្តនោះ បានឈប់រថយន្តនិងបានចុះរត់គេចខ្លួនបាត់ ។

បច្ចុប្បន្ន វត្ថុតាងរួមមាន៖ កង់និងរថយន្តត្រូវបានសមត្ថកិច្ចនគរបាលជំនាញ បញ្ជូនមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីរៀបចំសំណុំរឿង ។ ចំពោះករណីនេះ កម្លាំងសមត្ថកិច្ចនគរបាលជំនាញ កំពុងបន្តធ្វើការស្រាវជ្រាវ រកអ្នកបើកបរខាងលើ យកមកដោះស្រាយទៅតាមនីតិវិធី ៕

មតិយោបល់