ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តបុកម៉ូតូពីរគ្រឿង បណ្តាលឲ្យមនុស្សស្លាប់២នាក់ និងរងរបួសធ្ងន់ស្រាល៣នាក់

កំពតៈ នៅថ្ងៃទី0៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០៨និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងលើផ្លូវបេតុង ស្ថិតនៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត រវាងរថយន្តនិងម៉ូតូចំនួន០២គ្រឿង បណ្តាលឲ្យមនុស្សស្លាប់០២នាក់ (ស្រី០១នាក់) រងរបួសធ្ងន់០១នាក់ និងរងរបួសស្រាល០២នាក់ (ស្រី០១នាក់) ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ អ្នកបើកបររថយន្តបង្កហេតុឈ្មោះ សាំង ឃី ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិអង្គោល ឃុំអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែប បើកបររថយន្តម៉ាក TOYOTA CAMRY ប្រភេទគ្រួសារ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BK-4413 មានទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ បានបុកម៉ូតូមួយគ្រឿង ដែលមានទិសដៅស្របគ្នា បានបើករថយន្តរត់គេចទៅទិសខាងជើង ទៅបុកម៉ូតូមួយគ្រឿងទៀត ដែលមានទិសដៅស្របគ្នា រួចទៅបុករថយន្តស៊ឺរ៉ែន របស់អធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ដែលកំពុងចត រួចក្រឡាប់ទៅផ្នែកខាងស្តាំដៃ ។

អ្នកបើកបរម៉ូតូរងគ្រោះទី១-ឈ្មោះ ភិន ណារ៉ា ភេទប្រុស អាយុ ៣៨ឆ្នាំ (រងរបួសធ្ងន់) និងមានអ្នករួមដំណើរចំនួន០៣នាក់៖ ១.ឈ្មោះ គូន យ៉ាន ភេទស្រី អាយុ៣៦ឆ្នាំ ត្រូវជាប្រពន្ធ (ស្លាប់នៅកន្លែងកើតហេតុ) ២.ឈ្មោះ គុញ រតនា ភេទប្រុស អាយុ ០៥ឆ្នាំ ត្រូវជាកូន (រងរបួសស្រាល) ៣.ឈ្មោះ កុញ ជួអៀន ភេទស្រី អាយុ៣ឆ្នាំ ត្រូវជាកូន (រងរបួសស្រាល) ទាំងបួននាក់មានទីលំនៅ ភូមិបឹងធំខាងកើត ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត បើកបរម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត 1S-7392 មានទិសដៅពីត្បូងទៅជើង ។

អ្នកបើកបរម៉ូតូរងគ្រោះទី២-ឈ្មោះ ស៊ាង សារ៉ន ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិដំណាក់កន្ទួត ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត បើកបរម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1N-1815 មានទិសដៅពីត្បូងទៅជើង (ស្លាប់នៅមន្ទីរពេទ្យ) ។ រថយន្តស៊ឺរ៉ែនរបស់អធិការដ្ឋានស្រុកកំពង់ត្រាច ខូចខាតកម្រិតធ្ងន់ ។

នៅក្រោយពេលកើតហេតុ សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកអ្នកបើកបររថយន្តបង្កហេតុ បាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីរៀបចំឯកសារតាមនីតិវិធី ។

រីឯវត្ថុតាងរួមមាន៖ រថយន្តចំនួន០១គ្រឿង និងម៉ូតូចំនួន០២គ្រឿង បានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច ៕

មតិយោបល់