អ្នកស្រី ពិសិដ្ឋ ពីលីកា គឺជាតារាសំដែង ដ៏មានប្រជាប្រិយភាពមួយរូប នៅក្នុងប្រទេសកម្ពុជា។ អ្នកស្រីកើតនៅឆ្នាំ ១៩៦៥ នៅទីក្រុងភ្នំពេញ។ អ្នកស្រីមានឈ្មោះពិតថា ឱក អៀបពីលី។ ឪពុកឈ្មោះ ម៉េង មុនី និងម្ដាយឈ្មោះ ឱក ហាល។ ឪពុករបស់អ្នកស្រី គឺសាស្ត្រាចារ្យបង្រៀនភាសាបារាំង នៅសកលវិទ្យាគរុកោសល្យ។ អ្នកស្រី មានប្អូនស្រី ពីរនាក់ គឺពាលា និងដារ៉ូ។ គាត់គឺជាកូនច្បងនៅក្នុងគ្រួសារ។
បន្ទាប់ពីឪពុកម្ដាយរបស់អ្នកស្រី បានស្លាប់ក្នុងរបបខ្មែរក្រហម អ្នកស្រី និងប្អូនស្រីទាំងពីរ ត្រូវបានឪពុកមារបស់គាត់យកទៅចិញ្ចឹម។ ក្រោយមក អ្នកស្រី និងប្អូនរបស់អ្នកស្រី ត្រូវប្ដូរឈ្មោះទៅជា សៅ ពីលី, សៅ ពាលា និង សៅ ដារ៉ូ ដែលយកត្រកូលតាមឪពុកមារបស់គាត់ សៅ ពិសិដ្ឋ។ នៅក្រោយមកប្អូនស្រីពៅ សៅ ដារ៉ូ បានទទួលមរណភាព ដោយបន្សល់ទុកបងស្រីទាំងពីរឲ្យនៅឯកោ។
អ្នកស្រី ពិសិដ្ឋ ពីលីកា មានការរវល់ជាខ្លាំង ជាមួយនឹងការថតខ្សែភាពយន្ត។ ពេលនោះហើយ គឺជាពេលដែលគាត់ បានជួបនឹងលោក ខៃ ប្រសិទ្ធ ដែលតារាសំដែងដ៏ល្បីឈ្មោះមួយរូបដែរ។ ពួកគាត់ទាំងពីរ បានសំដែងជាមួយគ្នា ក្នុងខ្សែភាពយន្ត ក៏ដូចវីដេអូខារ៉ាអូខេជាច្រើន។ នេះមានន័យថា ឈុតឆាកស្នេហានៅក្នុងរឿងរបស់អ្នកទាំងពីរ បានរីកដុះដាល ក្លាយជាស្នេហាក្រៅសាច់រឿង។ នៅក្នុងឆ្នាំ ១៩៩០ គាត់ក៏បានរៀបអាពាហ៍ពិពាហ៍ជាគូស្វាមី ភរិយានឹងគ្នា។ នៅឆ្នាំ ១៩៩២ បុត្រដំបូងរបស់អ្នកទាំងពីរបានចាប់កំណើតឡើង ដោយមានឈ្មោះថា ខៃ សិដ្ឋលីសាក់។ គ្រួសាររបស់អ្នកស្រីពិសិដ្ឋ ពីលីកា ក៏បានក្លាយទៅជាគ្រួសារមួយដ៏រីករាយ និងស្និទ្ធស្នាលបំផុត។
ក្រោយពីភាពល្បីល្បាញលើឆាកសិល្បៈ ក៏ជួបគ្រោះអកុសល បានទទួលមរណភាពនៅថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ១៩៩៩ ដោយសារការបាញ់ប្រហារ ពីសំណាក់ខ្មាន់កំភ្លើងមិនស្គាល់មុខម្នាក់ ធ្វើឲ្យគាត់រងរបួសយ៉ាងធ្ងន់ធ្ងរ ហើយក៏ទទួលអនិច្ចកម្មនៅមន្ទីរពេទ្យ។
នៅថ្ងៃទី ៦ ខែ មិថុនា ពេលដែលអ្នកស្រីកំពុងដើរផ្សារ នៅផ្សារអូរឫស្សី ក្នុងក្រុងភ្នំពេញ អ្នកស្រីត្រូវជនមិនស្គាល់មុខម្នាក់ បាញ់ប្រហារមកលើគាត់។ គាត់បានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារតែគ្រាប់កាំភ្លើងបានទៅផ្ដាច់ពួរឆ្អឹងខ្នងរបស់គាត់។ នៅក្នុងមន្ទីរពេទ្យ សាច់ញាតិដែលនៅសេសសល់របស់គាត់ បានឈរនៅជុំវិញគាត់ ហើយអ្នកទាំងអស់នោះ បានឮគាត់និយាយសួរថា «ហេតុអី ហេតុអីបានជាគេធ្វើដូចនេះមកលើរូបខ្ញុំ? ខ្ញុំមិនដែលធ្វើអាក្រក់ចំពោះអ្នកណាម្នាក់ទេ» ។ នៅថ្ងៃទី ១៣ ខែ មិថុនា វេលាម៉ោង ៦ និង៣០នាទី ព្រឹក គាត់ក៏បានលាចាកលោកទៅ ដោយបន្សល់ទុក្ខនូវស្នាមទឹកភ្នែករមៀលធ្លាក់ចុះមក និងសំណួរគ្មានចំលើយជាច្រើន។
«បំណងដ៏ធំបំផុតរបស់ខ្ញុំ គឺចង់ក្លាយជាសាស្ត្រាចារ្យបង្រៀនក្បាច់រាំប្រពៃណីមួយរូប នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ខ្ញុំចង់ជួយដល់ប្រជាជនខ្មែរ ជាពិសេសកូនចៅជំនាន់ក្រោយ តាមតែខ្ញុំអាចធ្វើបាន។ នេះជាអ្វីដែលខ្ញុំខំធ្វើអស់ពីកំលាំងកាយចិត្ត ហើយនេះជាបំណងដែលខ្ញុំចង់ធ្វើ» នេះជាសម្ដីរបស់អ្នកស្រី ពិសិដ្ឋ ពីលីកា។ ឥឡូវនេះ អ្វីៗគ្រប់យ៉ាងដែលគាត់បានបន្សល់ទុក គឺកិច្ចការទាំងឡាយដែលគាត់ធ្វើបានសំរេច រូបភាពប្រកបដោយសំរស់ស្រស់ត្រកាលរបស់គាត់ អដ្ឋិធាតុដែលនៅសេសសល់ពីពិធីបូជាសព និងកំហុសដ៏ធំក្រៃលែង ដែលយើងគ្រប់គ្នាត្រូវទទួលយក៕
ទស្សនារឿង ពៅ ឈូកស ដូចខាងក្រោមនេះ៖
មតិយោបល់