បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៨និង៣០នាទី ស្ថិតនៅចំណុចដីចំការក្រុមទី០៣ ភូមិតាំងយូ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីក្មេងប្រុសស្រីចំនួន០២នាក់ លង់ទឹកស្រះស្លាប់បាត់បង់ជីវិត ។ ជនរងគ្រោះទី១.ឈ្មោះ ហេង លីហួ ភេទប្រុស អាយុ ០២ឆ្នាំ និងទី២.ឈ្មោះ ហេង ធារី ភេទស្រី អាយុ ០៤ឆ្នាំ ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា រស់នៅក្រុមទី០៣ ភូមិតាំងយូ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។
តាមការបំភ្លឺឈ្មោះ រឿន ស្រីល័ក្ខ ភេទស្រី អាយុ២០ឆ្នាំ មុខរបរ កសិករ ត្រូវជាម្ដាយរងគ្រោះបានប្រាប់ឲ្យដឹងថា នៅថ្ងៃកើតហេតុ វេលាម៉ោង១៧និង៣០នាទី គាត់បានដាំបាយធ្វើម្ហូបនៅចង្ក្រាន្តបាយ ហើយឪពុកម្ដាយរបស់គាត់អង្គុយលេងខាងមុខផ្ទះ ចំណែកកូននិងក្មួយនាំគ្នារត់លេងខាងមុខផ្ទះ ។ លុះដល់ម៉ោង១៨និង២០នាទី ពេលធ្វើម្ហូបរួចខ្លួនដើរទៅខាងមុខផ្ទះសួរម្ដាយថាឃើញកូនខ្ញុំអត់ គាត់ថាអត់ឃើញទេខ្លួនឮសូរសំឡេងកូនស្រីរបស់ខ្លួនយំនៅមាត់ស្រះ គាត់ក៏រត់ទៅមើលឃើញកូនប្រុសនិងក្មួយស្រីអណ្ដែតទឹកស្លាប់បាត់ទៅហើយ ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញសហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើក្មេងប្រុសស្រីទាំងពីរនាក់ខាងលើ ពិតជាលង់ទឹកស្រះស្លាប់ពិតប្រាកដមែន ។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់