កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២២ និង ៣០ នាទី ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងរថយន្ត និង រថយន្ត (ចំនួន០៣គ្រឿង) និងខូតខាត រថយន្តធ្ងន់ ០៣ គ្រឿង និង តូបកាហ្វេ ចំណុចលើផ្លូវ១១៥ ស្ថិតនៅភូមិតាក្ដុលត្បូង សង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក TOYOTA HILUX Surf ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2D-9304 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ (គេចខ្លួនបាត់មុនពេលសមត្ថកិច្ចទៅដល់) រថយន្តបើកបរមានទិសដៅពីកើត ទៅលិច មកដល់ចំណុចកើតហេតុខាងលើ បានបើកជែងខាងឆ្វេងរថយន្តមួយគ្រឿងទៀតម៉ាក TOYOTA PRIUS ពណ៌ខៀវ ពាក់ស្លាកលេខកណ្ដាល 2B-3562 អ្នកបើកបរឈ្មោះ អ៊ៀង ចាន់រិទ្ធ ភេទប្រុស អាយុ៣៧ ឆ្នាំ មានទីលំនៅភូមិទួលពង្រ សង្កាត់ទួលពង្រ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ រថយន្តបើកបរមានទិសដៅពីកើត ទៅលិច (ស្របទិសគ្នា) ក៏បណ្ដាលឲ្យរថយន្ត ម៉ាក TOYOTA HILUX Surf បុកជាមួយរថយន្តមួយគ្រឿងទៀតមានម៉ាក Ford Ranger ពណ៌ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ 2BH-5159 អ្នកបើកបរឈ្មោះ ទួន ច័ន្ទកុសល្យ ភេទប្រុស អាយុ២៨ ឆ្នាំ មានទីលំនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ភ្នំពេញ រថយន្តបើកបរមានទិសដៅពីលិច ទៅកើត (បញ្រ្ចាសទិសគ្នា) រួចរថយន្ត Ford Ranger បានរេចង្កូតមកខាងឆ្វេងទៅបុករថយន្ត TOYOTA PRIUS ខាងលើចំពីមុខពេញទំហឹង ហើយរថយន្ត Ford Ranger មិនទាន់អស់ល្បឿនក៏បានជ្រុលទៅបុកតូបកាហ្វេ ដែលនៅខាងឆ្វេងដៃបន្ថែមទៀតតែម្ដង ។
ចំពោះមធ្យោបាយដែលពាក់ព័ន្ធ បានយកមករក្សាទុកបណ្តោះអាសន្ន នៅអធិកាដ្ឋានដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់