ភ្នំពេញៈ កាលពីវេលាម៉ោង ១រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ មានករណីបុរសម្នាក់ដួលម៉ូតូខ្លួនឯង បណ្ដាលឲ្យស្លាប់បាត់ជីវិត ស្ថិតតាមបណ្ដោយផ្លូវឱកាសខ្ញុំ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ធី សុធា ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួលម្តុំទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅខេត្តកំពង់ចាម បើកបរម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1N-8514។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើកបរម៉ូតូធ្វើដំណើរតាមបណ្ដោយផ្លូវខាងលើ ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុជនរងគ្រោះ បានជិះឡើងស្ពានដែលទួលចោទ និងទ្រុតទ្រោម បណ្ដាលឲ្យម៉ូតូជនរងគ្រោះហោះផ្លោងអូសប្រហែល ៥០ម៉ែត្រ បោកក្បាលនឹងខឿនទ្រូងផ្លូវស្លាប់ភ្លាមៗ ។
បន្ទាប់មកក៏មានសមត្ថកិច្ច ចុះមកដល់ទីតាំងកើតហេតុ ធ្វើការអន្តរាគមន៍ ទំនាក់ទំនងស្វែងរកសាច់ញាតិសព។ ស្រាប់តែមួយសន្ទុះក្រោយមកក៏មានស្ត្រីម្នាក់ ដែលត្រូវជាប្រពន្ធជនរងគ្រោះ បានមកដល់ស្រែកទ្រហោយំសុំទោសប្ដី និងរៀបរាប់ថា មុនពេលកើតហេតុប្ដីរបស់ខ្លួនបានទៅចូលរួមកម្មវិធី នៅផ្ទះមិត្តភក្ដិ រហូតដល់យប់ជ្រៅ ទើបត្រឡប់មកផ្ទះវិញ ហើយខ្លួនក៏បានបើកទ្វារឲ្យប្ដីចូលផ្ទះ ប៉ុន្តែមិននិយាយរកប្ដីឡើយ ព្រោះខឹងដែលត្រឡប់មកផ្ទះយប់ជ្រៅ ធ្វើឲ្យជនរងគ្រោះជាប្ដី ខឹងក៏ទាញម៉ូតូជិះចេញមកក្រៅ បំណងទៅផ្ទះប្អូននៅទួលពង្រ តែអកុសលបែរជាជួបគ្រោះថ្នាក់ស្លាប់។
ក្រោយពេលកើតហេតុ ម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំសាច់ញាតិ មកទទួលយកទៅវិញ សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យ តាមប្រពៃណីនៅស្រុកឯកំណើត៕
មតិយោបល់