ព័ត៌មានជាតិ

គោដើរជាន់មីនតោន ផ្ទុះងាប់១ក្បាល និងស្លាប់ក្មេងប្រុសម្នាក់

បាត់ដំបង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានករណីសត្វគោដើរជាន់មីនតោន បណ្តាលឲ្យផ្ទុះងាប់សត្វគោ០១ក្បាល និងស្លាប់ក្មេងមើល គោចំនួនម្នាក់ ឈ្មោះ សឿន វ៉ាន់ស៊ីង ភេទប្រុស អាយុ ១៣ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១៦និង៤០នាទី ត្រង់ចំណុចឆ្លាក ភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ផ្ទុះមីនតោននេះ កើតឡើង ខណ:ពេលក្មេងប្រុសរងគ្រោះខាងលើ បានដើរដេញពីក្រោយគោ ដើម្បីត្រលប់ទៅវិញ លុះដល់ចំណុចកើតហេតុ សត្វគោបានដើរជាន់ចំមីន បណ្តាលឲ្យផ្ទុះស្លាប់ទាំងគោនិងខ្លួនឯងតែម្តង ។

នគរបាលបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗ ត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ច ជៀសវាងការកើតមានគ្រោះថ្នាក់ ដោយសារយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺគ្រាប់មីនតោនដូចករណីខាងលើនេះ ។

បច្ចុប្បន្ន សមត្ថកិច្ចបានប្រគល់សពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់