កណ្តាលៈ កាលពីវេលាម៉ោង៤និង៤៥នាទីទៀបភ្លឺ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ មានករណីប៉ុនប៉ងលួច នៅចំណុចផ្ទះជនរងគ្រោះ ក្នុងភូមិកប៉ាល់គឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
ជនរងគ្រោះមាន២នាក់ ៖ ១-ឈ្មោះ ចំរើន ហ៊ុនជឺ ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុ មុខរបរកម្មករ , ២-ឈ្មោះ នូ វណ្ណៈ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុ មុខរបរ អាជីវករ ។
ជនសង្ស័យមានឈ្មោះ អ៊ក តុលា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាប្រព្រឹត្ដសកម្ម។
មុនពេលកើតហេតុ ជនសង្ស័យ អ៊ុក តុលា បានធ្វើសកម្មភាពចូលទៅក្នុងផ្ទះ ចំរើន ហ៊ុនជឺ បម្រុងលួចយកទូរសព្ទ តែត្រូវម្ចាស់ផ្ទះទាន់ ក៏រត់ចេញមកវិញ តែនៅពេលបន្ទាប់គ្នានោះ ឈ្មោះ អ៊ក តុលា បានផ្លោះរបងចូលក្នុងបន្ទប់ផ្ទះឈ្មោះ នូ វណ្ណៈ បម្រុងលួចទ្រព្យសម្បត្តិមានតម្លៃ តែពុំទាន់បានយក ក៏ត្រូវកម្មករក្នុងផ្ទះជនរងគ្រោះ មកទាន់ រាយការណ៍ប្រាប់ម្ចាស់ផ្ទះ និងឃាត់ទុកប្រគល់ឲ្យនគរបាលតែម្ដង។
តាមម្លើយសារភាព ជនសង្ស័យឈ្មោះ អ៊ក តុលា ធ្លាប់បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋជាច្រើនលើកមកហើយ មានដូចជា៖ កាលពីថ្ងៃខែមិនចាំ ក្នុងឆ្នាំ២០១៨ បានចូលលួចម៉ូតូចំនួន០២ គ្រឿងម៉ាកហុងដាឌ្រីមសង់ របស់ឈ្មោះ ផាន់ មុត ស្ថិតក្នុងភូមិកប៉ាល់គឿង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ដោយធ្វើសកម្មភាពជាមួយឈ្មោះ អ៊ក ឈ្នះ (ត្រូវជាប្អូនបង្កើតរបស់ជនសង្ស័យ) ។
លុះនៅថ្ងៃមិនចាំដើម ខែមករា ឆ្នាំ២០១៩ ជនសង្ស័យខាងលើ បានលួច ម៉ូតូ១គ្រឿងទៀត របស់ប្រជាពលរដ្ឋក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ម៉ាកហុងដា ឌ្រីមធ្វើសកម្មភាពជាមួយ អ៊ក ឈ្នះ ដដែល ។ លុះនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ ២០១៩ ឈ្មោះ អ៊ក តុលា បានធ្វើសកម្មភាពលួចយកម៉ូតូម៉ាកហុងដាឌ្រីម ឆ្នាំ២០១៧ មួយគ្រឿង នៅផ្សារព្រែកស៊ឹង ឃុំសំពៅពូន ដដែលដោយធ្វើសកម្មភាពតែម្នាក់ឯង ។ ម៉ូតូដែលជនសង្ស័យ លួចបានគឺគេតែងយកទៅលក់នៅឯផ្សារឃ្លាំងរំសេវ រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះធំ កសាងសំណុំរឿងចាត់ការតាមនីតិវិធី។
មតិយោបល់